រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំត្រួតពិនិត្យទិន្នន័យ ស្តីពីវឌ្ឍនភាពការងារអនុវត្តវិធានសុវត្ថិភាពទេសចរណ៍របស់បេក្ខភាពក្រុងខេមរភូមិន្ទ

TNM(ខេត្តកោះកុង)៖ ថ្ងៃព្រហស្បតិ៍ទី១១ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងត្រួតពិនិត្យទិន្នន័យស្តីពី វឌ្ឍនភាពការងារអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ របស់បេក្ខភាពក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅសាលប្រជុំ «ក» សាលាខេត្តកោះកុង ដែលមានការចូលរួមពីតំណាងរដ្ឋបាលក្រុងខេមរភូមិន្ទ មន្ទីរទេសចរណ៍ខេត្តកោះកុង មន្ទីរសុខាភិបាល និងអ្នកពាក់ព័ន្ធមួយចំនួន សរុបប្រមាណ ៦ រូប ស្រី ១ រូប។
កិច្ចប្រជុំផ្សព្វផ្សាយនេះ មានគោលបំណងរឮកឡើងវិញនូវគោលការណ៍ណែនាំ និងឯកសារពាក់ព័ន្ធ ស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដែលក្រសួងទេសចរណ៍បានដាក់ចេញនាពេលកន្លងមក និងត្រួតពិនិត្យនូវរបាយការណ៍វឌ្ឍនភាពការងារ រួមមានទិន្នន័យនៃការចុះផ្សព្វផ្សាយ ការបណ្តុះបណ្តាល និងការវាយតម្លៃទទួលស្គាល់អាជីវកម្មអនុវត្តវិធានសុវត្ថិភាព ជាដើម។ សូមគោរពជម្រាបផងដែរថា គោលការណ៍ណែនាំដែលក្រសួងទេសចរណ៍បានដាក់ចេញ ស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សំខាន់ៗចាំបាច់ចំនួន ២ រួមមានដូចខាងក្រោម៖
១– សេចក្តីជូនដំណឹងលេខ ០១០ សជណ.គជវទ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ស្តីពីការប្រឡងប្រណាំង «ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍» ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ»
២– សេចក្តីសម្រេចលេខ ០០៧ សសរ.គជវទ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ស្តីពីលក្ខណវិនិច្ឆ័យ និងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្របញ្ជាក់ ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលអនុវត្តវិធានសុវត្ថិភាពទេសចរណ៍បានល្អ ក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ»។
ក្រោយពីបានបញ្ចប់ កិច្ចប្រជុំទទួលបាននូវលទ្ធផលគួរឱ្យកត់សម្គាល់មួយចំនួនដូចខាងក្រោម៖
១– មន្ត្រីបង្គោលទទួលបានយល់ដឹងបន្ថែម អំពីគោលការណ៍លម្អិតនៃការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងសូចនាករលម្អិត ដែលនឹងត្រូវរៀបចំវឌ្ឍនភាពការងារបន្ត
២– ឯកភាពលើសេចក្តីព្រាងរបាយការណ៍ ស្តីពីវឌ្ឍនភាពការងារអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់បេក្ខភាពក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
សេចក្តីសន្និដ្ឋាន៖ ក្រុមការងារ បានអនុវត្តយ៉ាងល្អតាមគោលការណ៍ណែនាំរបស់ក្រសួងទេសចរណ៍ និងបានរៀបចំរបាយការណ៍វឌ្ឍនភាពការងារគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនេះ ក្រុមការងារក៏បានជួបនូវបញ្ហាប្រឈមមួយចំនួនផងដែរ ដោយសារលិខិតដែលបានដាក់ចេញដោយក្រសួងទេសចរណ៍ ណែនាំឱ្យអនុវត្តតាំងពីខែកក្កដា ឆ្នាំ២០២០ និងទើបតែបានអញ្ជើញអ្នកពាក់ព័ន្ធទៅផ្សព្វផ្សាយកាលពីខែមករា ឆ្នាំ២០២១ នេះ ដែលធ្វើឱ្យការរៀបចំឯកសារពាក់ព័ន្ធមានភាពយឺតយ៉ាវ៕
អត្ថបទដែលជាប់ទាក់ទង