ក្រសួងអប់រំ ប្រកាសផ្ដល់អាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ចំនួន ៣៧មុខវិជ្ជា ក្នុង៣៣មហាវិទ្យាល័យ
ក្រសួងអប់រំ បានប្រកាសផ្ដល់អាហារូបករណ៍ ក្រោមកម្មវិធី MOFCOM ទៅសិក្សានៅសាធារណរដ្ឋ ប្រជាមានិតចិន ឆ្នាំសិក្សា២០២២-២០២៣ ដែលមានមុខវិជ្ជាសរុបចំនួន ៣៧មុខវិជ្ជា នៅ៣៣មហាវិទ្យាល័យ។ យោងតាមផេករបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា រដ្ឋាភិបាលចិននឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM ដែលមានមុខវិជ្ជាសរុបចំនួន ៣៧មុខវិជ្ជា នៅ៣៣មហាវិទ្យាល័យ ដល់មន្រ្តីរាជការទាំងពីរភេទ សម្រាប់ប្រទេសកម្ពុជា ដើម្បីសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា ២០២២ – ២០២៣ ដោយមានផ្ដល់ជូនប្រាក់អាហារូបករណ៍សម្រាប់ផ្គត់ផ្គង់ការហូបចុក រ៉ាប់រងថ្លៃសិក្សា ការស្នាក់នៅ និងសំបុត្រយន្តហោះ ទៅមកផង។ ប្រភពដដែលបានឱ្យដឹងទៀតថា សម្រាប់មន្រ្តីរាជការ ដែលមានចំណាប់អារម្មណ៍ចង់ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិត ចិននេះ សូមដាក់ពាក្យ៖ cb@mofcom.gov.cn ដោយផុតកំណត់ទទួលពាក្យមុនថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៦:០០នាទី៕