សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យប្រធានបេសកកម្មថ្មី នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមចូលជួបសម្តែងការគួរសម
នារសៀលថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោកស្រី Dena Fisher ប្រធានបេសកកម្មថ្មី នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម (International Committee of the Red Cross) ICRC ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោម ស ខេង បានសម្តែងការស្វាគមន៍ចំពោះវត្តមានលោកស្រី Dena Fisher ព្រមទាំងថ្លែងអំណរគុណចំពោះការគាំទ្ររបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមកន្លងមកក្នុងការលើកកម្ពស់លើការងារពន្ធនាគារនៅកម្ពុជា ជាមួយគ្នានេះ សម្តេចក្រឡាហោម សង្ឃឹមថាលោកស្រី នឹងបន្តបេសកកម្មនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ក្នុងឱកាសនេះដែរ លោកស្រី Dena Fisher បានបង្ហាញនូវក្តីរីករាយ និងកត្តិយសសម្រាប់ការចាត់តាំងជាប្រធានបេសកកម្មថ្មី នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមនៅកម្ពុជា ដែលកាលពីពេលកន្លងមក លោកស្រីធ្លាប់បាន បំពេញការងារនៅប្រទេសភូមា ប្រទេសថៃ និងប្រទេសដទៃទៀត។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ឱ្យដឹងថា ពាក់ព័ន្ធទៅនឹងការចង្អៀតណែននៅក្នុងពន្ធនាគារនេះដែរ ក្រសួងមហាផ្ទៃ ក៏បានសិក្សា និងដោះស្រាយបញ្ហាទាំងនេះតាមរយៈយន្តការដូចជា៖
ទី១- ក្រសួងយុត្តិធម៌ បានបង្កើតយុទ្ធនាការដោះស្រាយបញ្ហាកក់ស្ទះសំណុំរឿង និងពន្លឿនការកាត់សេចក្តី
ទី២-ការដោះស្រាយវិវាទក្រៅតុលាការ ដែលមានក្នុងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព
ទី៣-ការអនុវត្តទោសតាមសហគមន៍
ទី៤-ការសិក្សាទៅលើការពង្រីកពន្ធនាគារ
ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចក្រឡាហោម ស ខេង បានស្នើឱ្យចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ធ្វើការចែករំលែកនូវបទពិសោធន៍នានាពាក់ព័ន្ធទៅនឹងការគ្រប់គ្រងពន្ធនាគារ ពីបណ្តាប្រទេសដែលទទួលបានជោគជ័យ និងដោះស្រាយបញ្ហានេះឲ្យបានល្អប្រសើរ និងស្នើឱ្យមានការជួយដល់មន្ត្រីពន្ធនាគារ ព្រមទាំងផ្តល់នូវទស្សនៈទានក្នុងការអប់រំកែប្រែដល់អ្នកជាប់ឃុំដើម្បីអាចឱ្យពួកគេធ្វើសមាហរណកម្ម ទៅក្នុងសហគមន៍បាននៅពេលគេរួចទោស។
ក្រៅពីនេះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងនូវការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជរដ្ឋាភិបាលដែលបានលុបបំបាត់ការធ្វើទារុណកម្មទៅលើជនជាប់ឃុំ ការខិតខំប្រឹងប្រែងលុបបំបាត់ការធ្វើទារុណកម្មនេះ តាមរយៈការបង្កើតនូវគណៈកម្មាធិការប្រយុទ្ធប្រឆាំងការធ្វើទារុណកម្ម ដើម្បីឆ្លើយតបនូវបទបញ្ញតិរបស់អង្គការសហប្រជាជាតិ ដែលគណៈកម្មាធិការនេះទទួលពាក្យបណ្តឹងផង និងធ្វើការចុះពិនិត្យជាប្រចាំនៅតាមពន្ធនាគារផង ។
ចំពោះការស្នើរបស់សម្តេចក្រឡាហោម ស ខេង លោកស្រី Dena Fisher បានថែ្លងអំណរគុណនឹងបង្ហាញនូវសេចក្តីចាប់អារម្មណ៍ជាខ្លាំងនូវវឌ្ឍនភាពនៃការលើកកម្ពស់វិស័យពន្ធនាគារនៅកម្ពុជា លោកស្រីបានបន្ថែមថា កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធនឹងវិស័យពន្ធនាគារ ក្នុងនាមលោកស្រីជាប្រធានក្រុមការងាររបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម លោកស្រីបានធ្វើការបង្កើតក្រុមការងារបច្ចេកទេសមួយ ជាមួយក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខមាលភាពអ្នកជាប់ឃុំ ហើយលោកស្រីសង្ឃឹមថា ការងារនេះនឹងអាចធ្វើការទប់ស្កាត់ការរាតត្បាតនានា ជាពិសេស ជំងឺកូវីដ១៩ និងការលើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្ត និងបញ្ហាផ្សេងៗដែលប្រឈមក្នុងពន្ធនាគារ។
ជាចុងបញ្ចប់ លោកស្រី បានស្នើសុំសម្តេចក្រឡាហោម ស ខេង ចាត់ជនបង្គោលដើម្បីធ្វើការងារផ្ទាល់ជាមួយចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមក្នុងការងារលើកកម្ពស់ស្ថានភាពនៅពន្ធនាគារ ជាការឆ្លើយតបទៅនឹងសំណើនេះដែរ សម្តេចក្រឡាហោម ស ខេង បានចាត់ឱ្យឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានពន្ធនាគារ ធ្វើការផ្ទាល់ជាមួយអ្នកជំនាញរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម៕