នាយបេសកកម្ម៖ កម្ពុជាទទួលបានលទ្ធផលជាផ្លែផ្កា ពីក្នុងកិច្ចប្រជុំត្រៀមស៊ីហ្គេម នៅប្រទេសវៀតណាម

ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២–

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC ទទួលបន្ទុកនាយបេសកកម្ម បានចាត់ទុកថា កិច្ចប្រជុំនាយបេសកកម្មរយៈពេល៣ថ្ងៃ នៅទីក្រុងហាណូយ ប្រទេសវៀតណាម គឺកម្ពុជាទទួលបានលទ្ធផលជាផ្លែផ្កា ដោយកិច្ចប្រជុំនេះដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ពីថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២នៅវៀតណាម។

នេះជាការបញ្ជាក់របស់ ឯកឧត្តមនាយបេសកកម្ម នៅក្នុងឱកាសវិលត្រលប់មកកាន់មាតុប្រទេសវិញ កាលពីយប់ថ្ងៃ៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។

លទ្ធផលជាផ្លែផ្កា ដែលឯកឧត្តម វ៉ាត់ ចំរើន អះអាងនេះមានដូចជា កិច្ចប្រជុំនាយបេស កកម្ម ៣ថ្ងៃ (ពីថ្ងៃទី១៨-២០ មីនា) គឺគ្រប់នាយបេសកកម្ម នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ។ ជាពិសេសក្រុមប្រតិភូកម្ពុជាបានបំពេញបេសកកម្មជួរមុខ ដើម្បីត្រៀមបញ្ជូនក្រុមប្រតិភូកីឡា កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម។

ឯកឧត្តម បន្តថា អ្វីដែលសំខាន់ គឺគណៈកម្មការរៀបចំការប្រកួត ស៊ីហ្គេម វៀតណាម និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានជួបពិភាក្សាគ្នាទល់មុខ ផ្លាស់ប្តូរបទពិសោធន៍ដល់គ្នាទៅវិញទៅមករវាងស៊ីហ្គេមរបស់វៀតណាម និងស៊ីហ្គេមរបស់កម្ពុជា។ គណៈកម្មាធិការជាតិនៃប្រទេសទាំងពីរក៏បានពិភាក្សាគ្នាលម្អិត លើគម្រោងផែនការ នៃការប្រគល់-ទទួលទង់ស៊ីហ្គេមពីម្ចាស់ផ្ទះវៀតណាម ជូនដល់ម្ចាស់ផ្ទះស៊ីហ្គេមបន្តវេនរបស់កម្ពុជា នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដែលជាថ្ងៃបិទការប្រកួតជាផ្លូវការ ។

ម្ចាស់ផ្ទះវៀតណាមជឿជាក់ថា ពិធីដ៏មានសារៈសំខាន់នេះនឹងធ្វើឱ្យមានភាពល្អប្រសើរ ដោយកម្ពុជានឹងមានការសម្តែងកម្មវិធីសិល្បៈវប្បធម៌ កីឡា នៅក្នុងឱកាសបិទការប្រកួត-ប្រគល់-ទទួលទង់ស៊ីហ្គេម ដើម្បីបើកការស្វាគមន៍យ៉ាងកក់ក្តៅ ជូនបណ្តាប្រទេសអាស៊ីអាគ្នេយ៍ មកចូលរួមប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ របស់កម្ពុជាផងដែរ។

ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែម «អ្វីដែលសង្កត់ធ្ងន់ គឺម្ចាស់ផ្ទះវៀតណាមនឹងរៀបចំកម្មវិធីបដិសណ្ឋារកិច្ចពិសេសមួយជូនដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មាធិការជាតិ CAMSOC អមដំណើរដោយប្រតិភូជាន់ខ្ពស់របស់កម្ពុជា សម្រាប់ពិធីប្រគល់-ទទួលទង់ស៊ីហ្គេម ផ្ទេរមកម្ចាស់ផ្ទះកម្ពុជា»។

បន្ថែមពីលើនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការសម្របសម្រួល លើកិច្ចការរបស់ មន្ត្រីគណៈកម្មការជំនាញនានារបស់ CAMSOC នៃគម្រោងឱ្យក្រុមកម្ពុជា បានចូលរួមសិក្សាឈ្វេងយល់ ដកស្រង់បទពិសោធន៍ ក្នុងការគ្រប់គ្រងដឹកនាំ ការៀបចំព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំអាស៊ីអាគ្នេយ៍ រៀងរាល់ពីរឆ្នាំម្តងនេះ មកព្រះរាជាណាចក្រកម្ពុជា ដែលជាការរៀបចំជាប្រវត្តិសាស្ត្រដំបូង។ ក្រុមប្រតិភូកម្ពុជានឹងចូលរួមដកពិសោធន៍ និងប្រកួតទ្រង់ទ្រាយធំជាងគេ ជាងពេលណាៗទាំងអស់ ដែលមានចំនួនសរុបជាង ៥០០នាក់ ដោយកម្ពុជាចាត់ទុកថា ស៊ី ហ្គេម នៅវៀតណាម ឆ្នាំនេះ គឺជាហ្គេមយុទ្ធសាស្ត្រចុងក្រោយឆ្ពោះ មកស៊ីហ្គេមរបស់កម្ពុជា។

អ្វីដែលសំខាន់មួយទៀត គឺម្ចាស់ផ្ទះវៀតណាម បានជួយដល់កម្ពុជា ក្នុងការចេញទៅហ្វឹកហាត់ត្រៀមមុនការប្រកួត ដូចជា ប្រភេទកីឡាវ៉ូវីណាម ហែលទឹក កាយសម្ព័ន្ធជាដើម។ ជាមួយគ្នានោះម្ចាស់ផ្ទះវៀតណាម ចាប់អារម្មណ៍ខ្លាំងលើការរីកចម្រើន នៃដំណើរការរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ របស់កម្ពុជា។

ជារួម ពិធីបើកផ្លូវការគ្រោងនឹងធ្វើឡើងនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ប៉ុន្តែប្រភេទកីឡាមួយចំនួនត្រូវទៅមុនពិធីបើកនេះ ដូចជា ប្រភេទកីឡាបាល់ទាត់ ត្រូវប្រកួតមុនថ្ងៃទី៦ ខែឧសភា ហើយក្រុមប្រតិភូ អត្តពលិកត្រូវទៅដល់ប្រទេសវៀតណាម មុនពីរថ្ងៃ។ ម្ចាស់ផ្ទះវៀតណាមបានបើកទូលាយ សម្រាប់ការចូលរួមទស្សនាគាំទ្រ អ្នកសង្កេតការណ៍ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ខណៈប្រទេសវៀតណាម ទាំងមូលក៏មានភាពល្អប្រសើរច្រើន ក្នុងបរិបទជំងឺកូវីដ-១៩ ដោយប្រតិភូកីឡាទាំងអស់ តម្រូវឱ្យធ្វើតេស្ត PCR មុន៧២ម៉ោងពីប្រទេសសាម៉ី ហើយពេលទៅដល់វៀតណាម មិនត្រូវឱ្យធ្វើតេស្តរហ័សទៀតទេ។

ឯកឧត្តមនាយបេសកកម្មចាត់ទុកថា នេះជាសញ្ញាណល្អ សម្រាប់ការចូលរួមប្រកួតស៊ីហ្គេម ពីបណ្តាប្រទេសជាសមាជិកអាស៊ីអាគ្នេយ៍ ជាពិសេសគឺក្រុមប្រតិភូ កីឡាករ កីឡាការិនីកម្ពុជា ដែលនឹងចូលរួមក្នុងទ្រង់ទ្រាយធំជាងគេ ខណៈម្ចាស់ផ្ទះ វៀតណាម សន្យាផ្ទេរចំណេះដឹងពីការរៀបចំជូនដល់ការរៀបចំបន្តវេនដល់ស៊ីហ្គេម ឆ្នាំ២០២៣ របស់កម្ពុជាផងដែរ៕សម្រួលផ្សាយដោយ លោក ទៀង បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង