ក្រុមគណៈចលនាស្ត្រីពង្រឹងសមត្ថភាពស្ត្រី ដើម្បីឱ្យមានបទពិសោធន៍ក្នុងការដឹកនាំស្ត្រី គឺត្រូវរក្សាកម្លាំងចាស់បង្កើនកម្លាំងថ្មី
នៅរសៀលថ្ងៃទី២០ខែមីនា ឆ្នាំ២០២២ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា ជាអនុប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីខេត្ត លោកជំទាវ លឹម ផល្លា សមាជិករដ្ឋសភា ជាអនុប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីខេត្ត លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត ជាប្រធានគណៈកម្មការសាខាសមាគមនារីខេត្ត អញ្ជើញជាអធិបតីភាពក្នុង ពិធីសំណេះសំណាលជាមួយគ្រូពេទ្យ គ្រូបង្រៀន សិស្ស/និស្សិត ក្នុងខេត្តកំពង់ធំនៅសាលាខេត្តកំពង់ធំ។
ថ្លែងនៅក្នុងកម្មវិធីនេះផងដែរ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា ជាអនុប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីខេត្ត បានមានប្រសាសន៍ថា ដើម្បីពង្រឹងសមត្ថភាពស្ត្រី ក្នុងគោលបំណងជួយដល់ក្រុមស្ត្រី ស្ដីពីគោលនយោបាយ ឈ្នះឈ្នះ និងគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំ និងជំរុញនូវការលើកកម្ពស់គុណភាពស្ត្រី។ តាមរយៈការពង្រឹងសមត្ថភាពស្រ្តីឲ្យ ក្លាយជាអ្នកដឹកនាំតាមក្រសួង ស្ថាប័ន របស់ជាតិ រួមមានៈ ស្ថាប័នព្រឹទ្ធសភា ស្ថាប័នរដ្ឋសភា រាជរដ្ឋាភិបាល និងបង្កើនការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ធនធានស្ត្រី ក្នុងវិស័យនយោបាយ វិស័យសេដ្ឋកិច្ច និង វិស័យសង្គមកិច្ច។ សំដៅធានា ឆ្លើយតបទៅនឹងសាកលភាវូបនីយកម្ម ទាំងក្នុងក្របខណ្ឌតំបន់ និង ពិភពលោក។
លោកជំទាវក៏មានប្រសាសន៌បន្តទៀតថា ថ្ងៃនេះយើងមានមោទនភាពដើម្បីពង្រឹងនូវចំណេះដឹងដល់ស្ត្រីយើងមានការបញ្ជ្រាបយេនឌ័រ និងការបង្កើនភាពអង់អាចក្លាហានដល់ស្ត្រី បានចាត់ទុកជាបញ្ហាអន្តរវិស័យនៃកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ តាមរយៈ ការដាក់ចេញនូវគោលការណ៍សមភាព និងសមធម៌យេនឌ័រ។ ការដោះស្រាយបញ្ហាវិសមភាពយេនឌ័រ នៅក្នុងថ្នាក់មូលដ្ឋាន ការបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ទាំងក្នុងកម្រិតបុគ្គល និង កម្រិតស្ថាប័ន និងជាមូលដ្ឋានគ្រឹះក្នុងការតាក់តែងផែនការ និងការអភិវឌ្ឍន៍កម្មវិធីជាតិ។ បន្តចូលរួមលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងស្ត្រី ដោយបានចាត់ទុកស្ត្រីជាឆ្អឹង ខ្នងនៃសេដ្ឋកិច្ច របស់សង្គមជាតិ ។
លោកជំទាវ លំ គន្ឋារី ក៏បានសំណូមពរ ដល់ក្រុមគណៈចលនាស្ត្រីទាំងអស់ឱ្យចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ស្រុក/ខេត្ត ការងារមនុស្សធម៌ និងសកម្មភាពផ្សេងទៀត ជាពិសេសបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញស្ត្រី កុមារ និងជនងាយរងគ្រោះ ឲ្យទទួលបាននូវសិទ្ធិការពារ និងផលប្រយោជន៍ តាមរយៈការ កែប្រែឥរិយាបថសង្គម ដោយទទួលស្គាល់ស្ត្រីជាដៃគូដ៏សំខាន់នៅក្នុងការអភិវឌ្ឍន៍សង្គម។ សូមឱ្យក្រុមគណៈចលនាស្ត្រីទាំងអស់ចូលរួមក្នុងការជួយគៀងគរ ក្នុងការរកសំឡេងសម្រាប់ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានផុលផុស និង ក្នុងឆន្ទៈគាំទ្រពេញទំហឹង ចំពោះគណបក្សប្រជាជនកម្ពុជាឲ្យទទួលបានជោគជ័យ គឺស្ត្រីម្នាក់ត្រូវតែបោះឆ្នោតមួយសន្លឹក៕
សម្រួលដោយ លោក ទៀង បុណ្ណរី