សង្គ្រាមនៅអ៊ុយក្រែនបានអូសបន្លាយឈានចូលដល់ថ្ងៃទី២៣ ហើយរុស្ស៊ីនៅតែបន្តការវាយប្រហារយ៉ាងខ្លាំងក្លាទៅលើអ៊ុយក្រែនមានការវាយប្រហារតាមផ្លូវអាកាស និងវាយស្មើជើងដើម្បីដណ្តើមកាន់កាប់មូលដ្ឋានទ័ពរបស់អ៊ុយក្រែនជាដើម។ ខណៈដែលសង្គ្រាមអ៊ុយក្រែននៅបន្តយ៉ាងក្តៅគគុក លោកប្រធានាធិបតីអាមេរិកចូ បៃដិន នឹងជជែកគ្នាតាមទូរសព្ទជាមួយលោកស៊ី ជីនពីងអំពីអ៊ុយក្រែននៅថ្ងៃសុក្រ ១៨មីនា ឆ្នាំ២០២២នេះ។
ថ្ងៃសុក្រ ទី១៨ មីនា ឆ្នាំ២០២២នេះគឺជាថ្ងៃទី ២៣ហើយនៃសង្គ្រាមអ៊ុយក្រែន។ បើទោះបីជារងទណ្ឌកម្មដូចទឹកបាក់ទំនប់ រងការថ្កោសទោសសឹងពីគ្រប់ទិសទីក៏ដោយ លោកពូទីនប្រធានាធិតីរបស់រុស្ស៊ីនៅតែក្រាញននៀលបន្តធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសអ៊ុយក្រែនដដែល។
បើយោងតាមការប៉ាន់ស្មានរបស់មន្ទីរបញ្ចកោណអាមេរិក កងទ័ពរុស្ស៊ីបានបាញ់មីស៊ីលជាងពាន់ហើយទៅលើអ៊ុយក្រែនចាប់តាំងពីសង្រ្គាមចាប់ផ្តើមមក។ មិនតែប៉ុណ្ណោះ ទីក្រុងមូស្គូថែមទាំងបានពង្រីកយុទ្ធនាការទម្លាក់គ្រាប់បែកពីលើអាសកាសដោយឥតសំចៃឡើយទៅលើទីតាំងកាន់តែច្រើននៅទូទាំងប្រទេសអ៊ុយក្រែនទាំងមូល។ បើតាមការឲ្យដឹងពីអាជ្ញាធរអ៊ុយក្រែន នៅព្រឹកថ្ងៃសុក្រនេះ កងទ័ពរុស្ស៊ីថែមទាំងបានបាញ់មីស៊ីលវាយសំដៅតំបន់ក្បែរអាកាសយានដ្ឋានក្នុងទីក្រុងលីវី (Lviv)ទៀតផង។
លីវីគឺជាក្រុងមួយស្ថិតនៅប៉ែកខាងលិចអ៊ុយក្រែន និងមានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រពីព្រំដែនជាមួយប្រទេសប៉ូឡូញ។ ប្រតិបត្តិការសឹករបស់រុស្ស៊ីនៅក្បែរព្រលានយន្តហោះលីវីមានន័យថាសង្គ្រាមកាន់តែដើរឆ្ពោះកៀកទៅជិតដល់ទីក្រុងប្រវត្តិសាស្ត្រភាគខាងលិចអ៊ុយក្រែន ដែលជាជម្រកសុវត្ថិភាពមួយសម្រាប់ជនស៊ីវិលដែលរត់ភៀសខ្លួនចេញពីការប្រយុទ្ធគ្នា។
មកដល់ម៉ោងនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ថាមានអ្នកស្លាប់និងរបួសប៉ុន្មានទេ ហើយបុគ្គលិកជួយសង្គ្រោះវិញកំពុងមានវត្តមាននៅកន្លែងកើតហេតុ។ នេះបើតាមការបញ្ជាក់ប្រាប់ពីអភិបាលក្រុងលីវី។
ការវាយឈ្លានពានរបស់រុស្ស៊ីកំពុងរុញច្រានឲ្យមនុស្សកាន់តែច្រើនរត់ភៀសខ្លួនចេញពីអ៊ុយក្រែន។ ហើយមានមនុស្សជាង ២លាននាក់ហើយដែលបានភៀសខ្លួនទៅកាន់ប៉ូឡូញ ចាប់តាំងពីរុស្ស៊ីបញ្ជូនកងទ័ពទៅវាយប្រហារអ៊ុយក្រែនមក។
ជំនួបតាមទូរសព្ទរវាងលោក បៃដិន និងលោកស៊ីផ្តោតលើវិបត្តិអ៊ុយក្រែន
បើតាមសេតវិមានអាមេរិក ជំនួបតាមទូរសព្ទរវាងលោក ចូ បៃដិន និងលោក ស៊ី ជីនពីង ធ្វើឡើងដើម្បីរក្សាចំណងទាក់ទងរវាងអាមេរិក និងចិន។ តែដោយសារសង្គ្រាមអ៊ុយក្រែននៅតែជាបញ្ហាដ៏ក្តៅរបស់ពិភពលោកនាពេលបច្ចុប្បននេះ ទើបជំនួបតាមទូរសព្ទរវាងប្រមុខរដ្ឋទាំងពីរនឹងត្រូវផ្តោតជាពិសេសតែម្តងអំពីបញ្ហាអ៊ុយក្រែន។
នេះគឺជាការហៅទូរសព្ទលើកដំបូងរបស់មេដឹកនាំទាំងពីរចាប់តាំងពីកិច្ចប្រជុំកំពូលតាមវីដេអូកាលពីខែវិច្ឆិកាមក។ ជំនួបនេះត្រូវបានគេមើលឃើញថាជាឱកាសមួយដែលលោកបៃដិន និងលោកស៊ីអាចបង្ហាញពីគោលជំហររបស់ខ្លួនជុំវិញសង្គ្រាមនៅអ៊ុយក្រែន។
ជំនួបថ្ងៃនេះគឺវាជាឱកាសមួយដែរសម្រាប់លោកប្រធានាធិបតីអាមេរិកចូ បៃដិន ក្នុងការវាយតម្លៃពីគោលជំហររបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីន អំពីសង្គ្រាមនៅអ៊ុយក្រែន។ បើតាមអ្នកស្រី ជែន សាគីដែលជាអ្នកនាំពាក្យសេតវិមាន ការដោះដូរពាណិជ្ជកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិដែលជាប់គាំងនឹងត្រូវយកទៅពិភាក្សា ប៉ុន្តែចំណុចដែលលោកបៃដិនចង់ផ្តោតសំខាន់មួយដែរគឺធ្វើយ៉ាងណាដើម្បីបង្ខំរុស្ស៊ីឲ្យដកកងទ័ពថយ និងព្រមបញ្ឈប់សង្គ្រាមនៅក្នុងទឹកដីអ៊ុយក្រែន។
ទាក់ទិនចំណុចនេះ បើតាមអ្នកវិភាគ អ្វីដែលលោក បៃដិន គ្រោងយកទៅនិយាយជាមួយមេដឹកនាំចិនដែរនោះគឺចង់ព្រមានចិនកុំឲ្យជួយរុស្ស៊ី។ ទីក្រុងវ៉ាស៊ីនតោនធ្លាប់បានគូសបញ្ជាក់ហើយថាចិននិងប្រទេសផ្សេងទៀតមិនគួរចូលជួយរុស្ស៊ីឲ្យរួចគេចផុតពីទណ្ឌកម្មសេដ្ឋកិច្ចឡើយ។
នៅគ្រាកន្លងមក អាមេរិកក៏បានអះអាងរួចហើយដែរថានឹងបន្តតាមដានមើលដើម្បីការពារកុំឲ្យចិនក៏ដូចជាប្រទេសដទៃទៀតទៅជួយសង្រ្គោះសេដ្ឋកិច្ចរុស្ស៊ី និងថាបើប្រទេសណាហ៊ានប្រថុយរងការដាក់ទណ្ឌកម្មពីលោកខាងលិចដើម្បីតែជួយរុស្ស៊ី នោះពួកគេនឹងទទួលបានការឆ្លើយតបយ៉ាងសក្តិសម។
ចិនកាន់តែពិបាកក្នុងការប្រកាន់ជំហរកណ្តាល
មកទល់នឹងម៉ោងនេះ ខាងភាគីចិនមិនបានបង្ហើបប្រាប់អ្វីសោះឡើយជុំវិញចំណុចដែលលោកស៊ី ជីនពីង ត្រៀមលើកយកទៅជជែកជាមួយលោក ចូ បៃដិន។ ក៏ប៉ុន្តែចិនទំនងជាមិនប្តូរជំហររបស់ខ្លួនដែលចាប់យកខាងណាមួយ អត់ខាងណាមួយឡើយ។
តាំងពីដើមមក ចិនប្រកាន់ជំហរប្រយ័ត្នប្រយែងខ្លាំងណាស់ទាក់ទងនឹងវិបត្តិអ៊ុយក្រែន។ នៅពេលដែលអាមេរិកនិងសម្ព័ន្ធមិត្តថ្កោលទោសប្រឆាំងនឹងទង្វើរបស់រុស្ស៊ី និងបាននាំគ្នាបញ្ជូនជំនួយយោធាទៅឲ្យអ៊ុយក្រែន ចិនឯណោះវិញបានបដិសេធមិនថ្កោសទោសក្រុងមូស្គូឡើយ។
មិនតែប៉ុណ្ណោះ ចិនធ្លាប់ទាំងបានស្តីបន្ទោសសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបថាបានឃោសនាបំប៉ោងព័ត៌មានមិនពិត និងជាដើមចមបង្កើតបញ្ហាទៀតផង។ សកម្មភាពរបស់ចិនបែបនេះធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនបារម្ភថាចិនអាចងាកទៅផ្តល់ជំនួយហិរញ្ញវត្ថុ និងជំនួយយោធាសម្រាប់រុស្ស៊ី។
យ៉ាងណក៏ដោយ ចិននៅតែបន្តព្យាយាមប្រកាន់ជំហរកណ្តាល មិនគាំទ្រខាងណាមួយឡើយ។ ទោះចិនមិនព្រមថ្កោលទោសរុស្ស៊ីដែលបើកប្រតិបត្តិសឹកលើអ៊ុយក្រែនក្តី ក៏ចិនបានប្រកាសគាំទ្រអធិបតេយ្យភាពអ៊ុយក្រែនដែរ។
ពាក់ព័ន្ធរឿងនេះ ទីប្រឹក្សាជំនាញកិច្ចការចិនម្នាក់របស់អតីតប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា និយាយថាស្ថិតក្រោមសម្ពាធខ្លាំងឡើងទាក់ទងសង្គ្រាមនៅអ៊ុយក្រែន ចិន ឥឡូវនេះកាន់តែពិបាកក្នុងការមិនប្រកាន់ជំហរយកខាងណាមួយណាស់៕ សម្រួលដោយ លោក ទៀង បុណ្ណរី