ព្រឹកថ្ងៃ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាប្រចាំខេត្ត និងលោកជំទាវ បាន អញ្ជើញចុះសួរសុខទុក្ខនិងសំណេះសំណាលចែកអំណោយជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៤០០គ្រួសារ មកពីស្រុកចំនួន២នៃ ខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលអំណោយទាំងអស់ ដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅពេលជួបការលំបាក អ្នកមានជំងឺ ជនចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ ពោលគឺទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។ ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកាន់យកនូវអនាម័យល្អ ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរ បង្កបង្កើនផលដំណាំ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ឱ្យបានប្រសើរឡើង ។

ឯកឧត្តមបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរាយការណ៍ពេលជួបនឹងសកម្មភាពនានា ទាក់ទងនឹងការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ ដើម្បីធ្វើការអន្តរាគមន៍បង្រ្កាបឱ្យបានទាន់ពេលវេលា ។

ឯកឧត្តម បានបន្តទៀតថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែជាហានិភ័យខ្ពស់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ។ ដូចនេះសូមឱ្យប្រជាពលរដ្ឋបន្តចូលរួមអប់រំណែនាំកូនចៅរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ក្នុងការគោរពច្បាប់ចរាចរណ៍ ពិសេសពេលបើកបរសូមកុំសេពគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរម៉ូតូ ទោះទៅទីជិតឬឆ្ងាយ និងត្រូវពាក់ខ្សែក្រវាត់ឱ្យបានត្រឹមត្រូវ ពេលបើកបររថយន្ត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ។

ឯកឧត្តមអភិបាលខេត្ត បានធ្វើការផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ រួសរាន់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ចាប់ពីដូសទី១ ដល់ដូសទី៣ឬដូសជំរុញ ដើម្បីកាត់បន្ថយការឆ្លង និងហានិភ័យនៃការស្លាប់ដោយមេរោគកូវីដ-១៩ ខណៈមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង កំពុងផ្ទុះឆ្លង និងបន្តចូលរួមអនុវត្តតាមវិធានការសុវត្ថិភាព របស់ក្រសួងសុខាភិបាល និង ៣កុំ ៣ការពារ ឱ្យបានត្រឹមត្រូវផងដែរ ។

សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូននាពេលនេះ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៤០០គ្រួសារ ដែលប្រជាពលរដ្ឋចំនួន២០០គ្រួសារមកពីស្រុកគាស់ក្រឡ និង ២០០គ្រួសារទៀតមកពីស្រុកមោងឫស្សី ដែលក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម

ត្រីខ១០កំប៉ុង ទឹកបរិសុទ្ធ១កេស មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ជែលលាងសម្អាតដៃ១ដប ៕(សម្រួលដោយ លោក ទៀង បុណ្ណរី)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទដែលជាប់ទាក់ទង