លោកជំទាវ ម៉ែន សំអន លើកទឹកចិត្តមន្ត្រីមូលដ្ឋាន ត្រូវបន្តធ្វើអំពើល្អ និងធ្វើជាមន្ត្រីគំរូក្នុងការបម្រើសេវាសាធារណៈជូនប្រជាជនឱ្យកាន់តែប្រសើរ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង បានមានប្រសាសន៍ថា ការបម្រើសេវាសាធារណៈនៅមូលដ្ឋាន គឺជាកត្តាសំខាន់សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋនៅហ្នឹងកន្លែង ។ លោកជំទាវក៏បានលើកទឹកចិត្តមន្ត្រីមូលដ្ឋាន ត្រូវបន្តធ្វើអំពើល្អ និងធ្វើជាមន្ត្រីគំរូក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងបែបនេះ ខណៈលោកជំទាវបានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តស្វាយរៀង នារសៀលថ្ងៃ១៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២ នៅសាលាខេត្តស្វាយរៀង ។
អង្គសន្និបាតបានដំណើរទៅរយៈពេលពេញ ០១ថ្ងៃ និងបានពិភាក្សាដោយទទួលបាននូវធាតុចូលដ៏សំខាន់ៗ ព្រមទាំងដាក់ចេញនូវទិសដៅ សម្រាប់អនុវត្តក្នុងឆ្នាំបន្ទាប់ ក្នុងនោះអង្គសន្និបាតក៏បានធ្វើការបែងចែកក្រុមពិភាក្សា លើប្រធានបទចំនួន៤ រួមមាន ៖ ទី១-ការងារភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ចរាចរណ៍ និងគ្រឿងញៀន ។ ទី២-ការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ ទី៣- ការងារអនាម័យជនបទ ។ ទី៤- ការងារផ្តល់សេវា នៃការិយាល័យចក្រចេញ-ចូលតែមួយឱ្យបានលឿន ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កងកម្លាំងមានសមត្ថកិច្ចនានា និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នៃខេត្តស្វាយរៀង ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ ក្នុងនោះបានខិតខំចូលរួម ក្នុងការដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩ ការដោះស្រាយ ក្តីកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅមូលដ្ឋានបានជាបន្តបន្ទាប់។ ជាពិសេសការចូលរួមទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងចូលរួមជំរុញ និងគាំទ្រដល់ដំណើរការចាក់វ៉ាក់សាំង ជូនមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង ផ្អែកតាមយុទ្ធសាស្ត្រចាក់វ៉ាក់សាំង របស់ រាជរដ្ឋាភិបាល ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍។
ផ្អែកលើបញ្ហាប្រឈមជាសកលខាងលើនេះ និងផ្អែកតាមទិសដៅការងារឆ្នាំ២០២២ ដែលបានឯកភាពគ្នាក្នុងអង្គសន្និបាតនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានផ្តល់នូវគោលការណ៍ណែនាំជាគន្លឹះ សំខាន់ៗសម្រាប់អនុវត្តបន្តចំនួន៩ចំណុច រួមមាន៖ ទី១. ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ ទី២.ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ។ ទី៣. ការគ្រប់គ្រងធនធានធម្មជាតិ និងការដោះស្រាយ វិទាទដីធ្លី ។ ទី៤. ការគ្រប់គ្រង ការពារសន្តិសុខ និងការអភិវឌ្ឍតំបន់ព្រំដែន។ ទី៥. ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ។ ទី៦. ការរៀបចំប្រព័ន្ធផែនការ និងការពង្រឹងប្រព័ន្ធគណនេយ្យភាពសង្គម ។ ទី៧. ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ។ ទី៨. ការពង្រឹងការអនុវត្តវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺកូវីដ-១៩ ។