ជង្រុកត្រីនៅក្នុងខេត្តស្ទឹងត្រែងជួយផ្គត់ផ្គង់ត្រី៤ពាន់តោនទៅលើតម្រូវការទីផ្សារក្នុងឆ្នាំ២០២២

ខេត្តស្ទឹងត្រែង ៖ ដងទន្លេជាច្រើននៅក្នុងខេត្តស្ទឹងត្រែង គឺជាជង្រុកត្រីដ៏សម្បូរបែបសម្រាប់ជួយផ្គត់ផ្គង់ត្រី ទៅលើតម្រូវការទីផ្សារ លោកស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្តីទីខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងថា នៅក្នុងឆ្នាំ២០២១កន្លងមក ផលនេសាទដែលទទួលបានពីប្រជានេសាទ ដោយនេសាទត្រីបានយកលក់សម្រាប់ផ្គត់ផ្គង់លើតម្រូវការទៅលើទីផ្សារក្នុងខេត្តស្ទឹងត្រែងនិងបាននាំចេញទៅក្រៅខេត្ត មួយចំនួន ក្នុងប្រទេសកម្ពុជាមានរង្វង់៤ពាន់តោន។ លោកស្រី សម វិចិត្របានបញ្ជាក់ថា នេះគឺជាការរួមចំណែក យ៉ាងសំខាន់ ក្នុងការលើក កម្ពស់កម្រិតជីវភាព ទទួលបានប្រាក់ចំណូលស្បៀងអាហារនិងសន្តិសុខស្បៀងរបស់ប្រជាជននៅក្នុងខេត្តស្ទឹងត្រែង ក៏ដូចជាក្នុងប្រទេសកម្ពុជា។

ម្យ៉ាងវិញទៀតធនធានត្រីនៅខេត្តស្ទឹងត្រែងក៏មានកត្តាមួយចំនួនកំពុងគំរាមកំហែងដល់ទិន្នផលត្រីដែលជាប្រភពអាហារប្រចាំថ្ងៃដ៏សំខាន់ដល់ប្រជាជនផងដែរ។មានកត្តាជាច្រើនធ្វើឲ្យប៉ះពាល់ដល់ធនធានត្រីដូចជាកំណើនប្រជាជនមានការកើតឡើងច្រើនតម្រូវការសាច់ត្រីក៏កាន់តែច្រើន ចំណែកការនេសាទត្រីហួសកម្រិត។

មានការលួចនេសាទដោយឧបករណ៍ខុសច្បាប់ របបទឹកមានការប្រែប្រួលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទាក់ទងទៅនឹងអាកាសធាតុ ធ្វើវ៉ារីវប្បកម្មដំណើរការយឺតវិស័យឯកជនខ្វះទុននិងខ្វះចំណេះដឹងមួយចំនួន បញ្ហាទាំងអស់នេះមានការព្រួយបារម្ភយ៉ាងខ្លាំង។

លោកនាយខណ្ឌជលផលស្ដីទីខេត្តដដែលបានបញ្ជាក់បន្ថែមថា ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងនៅខ្វះធនធានមនុស្ស និងសម្ភារៈមួយចំនួនសម្រាប់ប្រើប្រាស់។

រីឯការចូលរួមរបស់អាជ្ញាធរពាក់ព័ន្ធ និងសហគមន៍នៅមានកម្រិតទាបនៅឡើយ។ ចំពោះការបង្ក្រាបបទល្មើសនេសាទ មានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធ សហគមន៍ និងមន្ត្រីជំនាញក្នុងឆ្នាំ២០២១ កន្លងមកនេះ បង្ក្រាបបានបទល្មើសជាហូរហែ បានដកហូតម៉ងក្រឡាតូចធំវែងៗជាង៣ម៉ឺនម៉ែត្រព្រមទាំងដកហូតសន្ទូចបានជាង១ពាន់ផ្លែដោយឡែកបានដុតបំផ្លាញចោលស្បៃម៉ុងជាង ៣ពាន់ម៉ែត្រ និងដកហូតស្បៃអួនជាង៦០០ម៉ែត្រ ហើយក៏បានបំផ្លាញចោលនូវឧបករណ៍នេសាទបិទអូរចំនួន១៦កន្លែង រួមនឹងដកហូតទូកម៉ាស៊ីនចំនួន១០គ្រឿងផងដែរ ។ ហើយក៏ចាប់បានជនល្មើស កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចំនួន១០ ករណីនិងធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋស្ដីអំពីការនេសាទខុសច្បាប់ផងដែរ ៕ (ដោយសហការីTNM ស្ទឹងត្រែង)

អត្ថបទដែលជាប់ទាក់ទង