អ្នកនាំពាក្យ ៖ ថ្នាក់ដឹកនាំ និងអ្នកសារព័ត៌មានសរុប៣៣៩នាក់ បានចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃដំបូង
TNM(ភ្នំពេញ) ៖ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថា ក្នុងការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅថ្ងៃដំបូង នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានថ្នាក់ដឹកនាំ និងអ្នកសារព័ត៌មាន ចំនួន៣៣៩នាក់ ក្នុងនោះមានស្រ្តី៧៥នាក់ផងដែរ។
លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា សរុបអ្នកដែលមកកាន់ទីតាំងដើម្បីចាក់ថ្ងៃវ៉ាក់សាំងកូវីដ១៩ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានចំនួន ៤២៥នាក់ (ស្រី ១០៤នាក់) ដោយក្នុងនោះមាន អ្នកបានចាក់វ៉ាក់សាំងរួច ៣៣៩នាក់ (ស្រី ៧៥នាក់) និង អ្នកដែលគ្រូពេទ្យមិនអនុញ្ញាត្តឲ្យចាក់ចំនួន ៨៦នាក់ (ស្រី ២៩នាក់)។
សូមបញ្ជាក់ថា នៅថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំមួយចំនួនរបស់កម្ពុជា កងទ័ព និងអ្នកសារព័ត៌មាន ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន។ការទទួលវ៉ាក់សាំងកូវីដ១៩ ឈ្មោះស៉ីណូហ្វាម ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៥រួមមាន ៖ ១៖ មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ។ ២៖ មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ។ ៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត។ ៤៖ មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន និង៥៖ មន្ទីរពេទ្យកេតុមាលា សម្រាប់ថ្នាក់ដឹកនាំកងទ័ព។