លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគល់អំណោយអណ្តូងទឹកស្អាតចំនួន៥ និងប្រគេនទេយ្យវត្ថុដល់វត្តចំនួន៦ក្នុងខេត្តកំពត
ខេត្តកំពត៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២នេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន បានអញ្ជើញដឹកនាំក្រុមការងារចុះប្រគល់អំណោយអណ្ដូងទឹកស្អាតចំនួន៥ ដល់ប្រជាពលរដ្ឋក្នុងស្រុកដងទង់ខេត្តកំពត ។ អណ្ដូងទឹកដែលមានលេខរៀងពី ១០០ ដល់១០៤នេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកដងទង់ខេត្តកំពតប្រើប្រាស់តាមតម្រូវការ នារដូវប្រាំងចូលមកដល់នេះ។
នៅក្នុងពិធីប្រគល់អណ្ដូងទឹកនេះ នៅតាមទីតាំងអណ្ដូងទឹកនីមួយៗលោកជំទាវ ហ៊ុន ម៉ាណា បានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទទួលអាស្រ័យផលអណ្ដូងទឹកនេះ ព្រមទាំងបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ។ លោកជំទាវបានមានប្រសាសន៍ថា សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាពិសេសតាមរយៈការផ្ដល់អំណោយជាអណ្តូងទឹកនេះ ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងការខ្វះខាតទឹកប្រើប្រាស់ នារដូវប្រាំងនេះ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ កាត់បន្ថយការលំបាកដោយសារអត់ទឹកប្រើប្រាស់។
នាឱកាសនោះផងដែរលោកជំទាវក៏បានចែកជូននូវអំណោយកំដរដៃរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមអបអរសាទរនៅក្នុងពិធីប្រគល់អណ្ដូងទឹកគ្រប់ទីតាំងទាំង៥។
នៅក្នុងឱកាសកាសនោះ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ១គ្រួសាររស់នៅផ្ទះចាស់តូច ចង្អៀតនោះ លោកជំទាវក៏សម្រេចសាងសង់ផ្ទះទេវតា១ខ្នងជូនគ្រួសាររបស់គាត់ផងដែរ និងករណីមួយទៀត ដោយទឹកចិត្តអាណិតអាសូរចំពោះប្អូនស្រីឈ្មោះ កៅ ស្រីណែត អាយុ២៨ឆ្នាំ មានជំងឺទឹកនោមប្រៃ ដោយត្រូវដូរឈាមជាប្រជាប្រចាំខែនោះ លោកជំទាវក៏បានផ្តល់ថវិកាចំនួន៣០០០ដុល្លារ សម្រាប់ដោះស្រាយការលំបាក ក្នុងជីវភាពរបស់ប្អូនស្រី ជាពិសេសក្នុងការដូរឈាមជាប្រចាំខែនោះ។
បន្ទាប់មក ចប់ពិធីប្រគល់អណ្ដូងទឹកស្អាតចំនួន៥ លោកជំទាវ ហ៊ុន ម៉ាណា ក៏បានដឹកនាំក្រុមការងារអញ្ជើញទៅប្រគេនទេយ្យវត្ថុ ដែលមានស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន៦ ជាបន្តទៀត ដែលស្ថិតនៅក្នុង ស្រុកទឹកឈូខេត្តកំពត ហើយពិធីប្រគល់ទេយ្យវត្ថុនេះធ្វើឡើងនៅទីវត្តអារាម វត្តជុំគ្រៀល ក្នុងភូមិកំពង់កណ្ដាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
វត្តដែលទទួលបាននូវទេយ្យវត្ថុទាំង៦វត្តនោះរួមមាន វត្តជុំគ្រៀល វត្តត្រើយកោះវត្តពិជ័យឧត្តុង្គ វត្តពោធិ៍ វត្តអង្គ និងវត្តកូនសត្វ។
លោកជំទាវ បានមានប្រសាសន៍ទូលប្រគេនដល់ព្រះសង្ឃថា ជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ជាពិសេសនៅក្នុងវិបត្តិកូវីដ១៩នេះ ។
ទេយ្យវត្ថុក្នុងមួយវត្តទទួលបាន៖ -អង្ករ១តោន -ត្រីខ ចំនួន១កេស(មាន១០យួរ) -មីចំនួន៥កេសធំ(៣០កេសតូច) -ត្រីងៀតចំនួន ១០គីឡូក្រាម – សាច់ក្រកចំនួន១០គីឡូក្រាម -សាច់ជ្រូកផាត់ចំនួន១០គីឡូក្រាម -ទឹកដោះគោខាប់ ចំនួន២កេស -កាហ្វេ ចំនួន ៥កញ្ចប់ធំ -តែ ចំនួន ២គីឡូក្រាម -ស្ករសចំនួន១បេ -អំបិលចំនួន១បេ -ប៊ីចេងចំនួន១បេ -ទឹកត្រីចំនួន៥យួរ -ទឹកស៊ីអ៊ីវចំនួន៥យួរ -សាប៊ូដុំ ចំនួន ៣០ដុំតូច -ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត -វីតាមីនសេ ចំនួន ១០ប្រអប់ -ប្រេងកូឡា ចំនួន ៥ដុំ -ប្រេងខ្យល់ ចំនួន៥ដុំ -ម៉ាស ចំនួន២០ប្រអប់ (១០០០ម៉ាស) -អាល់កុលសម្លាប់មេរោគ ចំនួន៤កាន -ដបសំរាប់ដាក់អាល់កុល ចំនួន១០ដប -ស្លាដក់ចំនួន១៨៤កញ្ចប់ -ថវិកា ចំនួន២លានរៀល៕ អរគុណសន្តិភាព