ខឹងរឿងមន្ត្រីគយចល័តតំបន់៥ចាប់រថយន្ត មន្ត្រីយោធាមួយរូបសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួន
TNM(ខេត្តបន្ទាយមានជ័យ) ៖ មន្ត្រីយោធាស័ក្ដិ១ មួយរូបបាន សម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង ព្រោះខឹងរឿងមន្ត្រីគយចល័តតំបន់៥ ចាប់រថយន្តរបស់ខ្លួន១គ្រឿង។ ហេតុការណ៍បង្កឲ្យយមានការភ្ញាក់ផ្អើលនេះកើតឡើងនាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចប្រឡាយភ្លោះមួយកន្លែងចម្ងាយប្រមាណ៣០០ម៉ែត្រ ស្ថិតក្នុងភូមិកណ្តាល ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
មន្ត្រីយោធាដែលធ្វើអត្តឃាតចងកសម្លាប់ខ្លួនឈ្មោះ នាង រិទ្ធឆ័យ ភេទប្រុស អាយុ៣៣ឆ្នាំ មានតួនាទីជាមន្ត្រីយោធាការពារព្រំដែនលេខ ៥០៣ ឈរជើងភ្នំក្លែង និងមានឋានន្តរស័ក្តិជាអនុសេនីយ៍ត្រី មានស្រុកកំណើតភូមិអូរអំបិល សង្កាត់អូរអំបល ក្រុងសិរីសោភ័ណ។
យោងតាមផេកឈ្មោះ សេង ធារិន បានបង្ហោះរូបភាពសារថា តើជាកំហុសយោធិនកងការពារព្រំដែនគោកលេខ៥០៣ ឬជាកំហុសគយចល័តតំបន់៥។
សូមបញ្ជាក់ថា លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ ជាកម្លាំងយោធិនកងការពារព្រំដែនគោកលេខ៥០៣ បានសម្រេចចិត្តធ្វើអត្តឃាតសម្លាប់ខ្លួន ត្រូវបានប្រទះឃើញចងកនឹងដើមឈើកម្ពស់ជាងមួយម៉ែត្រដែលមានពាក់ឯកសណ្ឋានយោធា។ ការធ្វើអត្តឃាតចងកសម្លាប់ខ្លួននេះ ព្រោះតែរឿងខឹងមន្ត្រីគយចល័តតំបន់៥ ប្រចាំខេត្តបន្ទាយមានជ័យ ដែលគ្រប់គ្រងដោយលោក ឈួន សោភា បានចាប់រថយន្ត១គ្រឿង ពណ៌ត្រេអ៊ី ម៉ាកវីហ្គោស៊េរីឆ្នាំ២០១៣ របស់លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ ដែលប្រើប្រាស់ក្នុងអង្គភាពជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែនៅពេលដែលរថយន្តគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យខូចខាងមុខមួយចំហៀងខាងឆ្វេង ហើយយកឲ្យជាងជួសជុលបាញ់ថ្នាំ រួចហើយបានជិះគោលបំណងមកអង្គភាពនៅព្រំដែនវិញ ក៏ត្រូវបានមន្ត្រីគយចល័ត៥ ឈរជើងនៅចំណុចទឹកថ្លា ខេត្តបន្ទាយមានជ័យចាប់ចូលស្នាក់ការតែម្តង។
ក្រោយពេលដែលមន្ត្រីគយចល័តតំបន់៥ ឃាត់ហើយ តំណាងអង្គភាពបានយកឯកសាររថយន្តមានស្លាក់លេខ ខេមរភូមិន្ទ07 2-8964 បណ្ណសំគាល់រថយន្ត និងបង់ពន្ធឆ្នាំ២០១៩ ទៅបង្ហាញ ប៉ុន្តែនៅតែដោះស្រាយមិនចេញ ទើបព្រឹកឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួនទាំងឯសណ្ឋានយោធា។
ផេកដដែលសសេរបញ្ជាក់ថា ៖ ខ្ញុំគិតថា ការប្រមូលពន្ធជារឿងចាំបាច់ណាស់ដែលគួរលើកទឹកចិត្តដល់មន្ត្រីគយ ដើម្បីធានាប្រាក់ចំណូលជាតិ តែក្នុងករណីនេះលោកគយប្រើដៃក្តៅពេកទេដឹង រថយន្តនេះចាស់ពេកហើយ។ មិនគួរដុតឲ្យខ្លោចរោលឲ្យឆៅទេ រថយន្តចាស់នេះបំរើអង្គភាពមិនតិចទេ ខ្ញុំពិតជាអាណិតដល់គ្រួសារជនរងគ្រោះណាស់ ហើយសោកស្តាយយោធិនដែលមានសមត្ថភាពដែរ ក៏មិនលើកទឹកចិត្តឲ្យកងកម្លាំងប្រើរថយន្តអត់ពន្ធដែរ លោកមេគយចល័តតំបន់៥ លោកធ្លាប់មានបញ្ហាអីខ្លះខ្លួនលោកផ្ទាល់ដឹងហើយអគុណ។
ប្រធានគយចល័តតំបន់៥លោក ឈួន សោភា មិនអាចធ្វើការទំនាក់ទំនង ដើម្បីសុំការពន្យល់បានទេនៅរសៀលថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ពាក់ព័ន្ធការចាប់រថយន្តរបស់លោក អនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ ព្រោះទូរស័ព្ទរបស់លោកភ្ជាប់ប្រព័ន្ធជាប់រវល់៕