សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសាលាបឋមសិក្សា-វិទ្យាល័យតេជោសែនត្បូងឃ្មុំ
អបអរសាទរ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ស្អែកនេះ សាលាបឋមសិក្សា-វិទ្យាល័យតេជោសែនត្បូងឃ្មុំ នឹងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ បម្រើឲ្យវិស័យអប់រំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សាលារៀននេះ សាងសង់ក្នុងទឹកប្រាក់ប្រមាណ ១,៣៥០,០០០ដុល្លា ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
សាលរៀន ស្ថិតក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ មានផ្ទៃដីសរុបចំនួន ៥៣,៩១០ម៉ែត្រក្រឡា ដោយចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០១៨ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២០។
ដោយវិបត្តិកូវីដ១៩ ពិធីសម្រោធជាផ្លូវការត្រូវបានអូសបន្លាយរហូតមកដល់ពេលនេះ តែក៏បានដាក់ឲ្យដំណើរការសិក្សាជាបណ្តោះអាសន្ន ទាំងថ្នាក់បឋមសិក្សា និងថ្នាក់វិទ្យាល័យ ដោយមានអគារសិក្សាចំនួន២ខ្នង កំពស់០៣ជាន់ មាន៣៦នបន្ទប់ អគារទីចាត់ការចំនួន០២ខ្នង ១០បន្ទប់ អគារស្នាក់នៅគ្រូបង្រៀន២ខ្នង ៤០បន្ទប់ មានសិស្សានុសិស្ស ៥៥៧នាក់ និងគ្រូបង្រៀនសរុប ១៨នាក់។
សាលារៀននេះ មានបន្ថែមនូវតារាងបាល់ទាត់ កន្លែងកុមារលេង ដាំផ្កាលម្អ ព្រមទាំងដាំដើមឈើដោយអញ្ជើញជាកិត្តិយសពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្តត្បូងឃ្មុំផងដែរ៕