សកម្មជនអតីតគណបក្សសង្គ្រោះជាតិប្រចាំប្រទេសថៃ១៣២នាក់ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនរាជធានីភ្នំពេញ
(ភ្នំពេញ)៖ អតីតថ្នាក់ដឹកនាំ និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិប្រចាំប្រទេសថៃចំនួន១៣២នាក់ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញហើយ។ ពិធីបញ្ចូលសមាជិកទាំងនេះ បានធ្វើឡើងក្រោមអធិបតីលោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២។
លោក លី រតនរស្មី ដែលជាអតីតប្រធានសកម្មជនប្រចាំប្រទេសថៃ បានលើកឡើងថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលក្រុមខ្លួនបានលង់ជឿនូវកាបោកប្រាស់របស់ អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ប៉ុន្តែក្រោយពេលពិចារណាឱ្យបានល្អិតល្អន់ គឺមេដឹកនាំអតីតបក្សនេះ មានតែការនិយាយ ប៉ុន្តែការអនុវត្តគឺគ្មាននោះទេ។
នៅក្នុងឱកាសនោះ លោក ឃួង ស្រេង សមាជិកណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានពាំនាំការផ្តាំផ្ញើការសួសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។
លោក ឃួង ស្រេង បានថ្លែងថា ការភ្ញាក់រលឹកឈប់ជឿការបោកប្រាស់របស់ អតីតសកម្មជនក្រុមប្រឆាំងប្រចាំប្រទេសថៃពេលនេះ គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ដែលបានមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន ដែលជាគណបក្សមានថ្នាក់ដឹកនាំគិតគូពីជាតិមាតុភូមិ និងសុខទុក្ខរបស់ប្រជាជនយើង។
លោក ឃួង ស្រេង បន្តទៀតថា ការភ្ញាក់រលឹករបស់ប្អូនកូនក្មួយនៅពេលនេះ គឺជាកម្លាំងចលករមួយបន្ថែមទៀតក្នុងការបោះឆ្នោតនាពេលខាងមុខ៕ អរគុណសន្តិភាព