គ.ជ.ប.ទ បើកវគ្គអប់រំផ្សព្វផ្សាយអំពីលិខិតបទដ្ឋានពាក់ព័ន្ធការគោរពសិទ្ធិមនុស្ស និងតួនាទីភារកិច្ចដល់មន្រ្តីសាធារណៈ និងសមត្ថកិច្ចជំនាញ

TNM(ខេត្តមណ្ឌលគិរី) ៖ ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គអប់រំផ្សព្វផ្សាយអំពីលិខិតបទដ្ឋានជាតិ អន្តរជាតិ ពាក់ព័ន្ធនឹងការគោរពសិទ្ធមនុស្ស និងតួនាទីភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុង/ស្រុកទាំង០៥ ក្នុងខេត្ត រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃខេត្តរតនគិរីជាច្រើនរូប ដែលប្រព្រឹត្តទៅនៅអគារក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

ឯកឧត្តម នុត សាអាន បានមានប្រសាសន៍ថា គោលបំណង នៃការបើកវគ្គអប់រំផ្សព្វផ្សាយ និងផ្តល់ការយល់ដឹងដល់អ្នកមានសមត្ថកិច្ចគ្រប់គ្រងជនត្រូវបាន ឫជនដែលអាចនឹងត្រូវបានដកហូតសេរីភាពដើម្បី៖ ទី១. ធានាបង្ការ ទប់ស្កាត់ ប្រឆាំងទារុណកម្ម ឫទណ្ឌកម្មឯទៀតដែលឃោឃៅ អមនុស្សធម៌ ឫបន្ទាបបន្ថោកលើជនដែលត្រូវបានដកហូតសេរីភាព។ ទី២. ធានាឲ្យមានប្រព័ន្ធត្រួតពិនិត្យទៀងទាត់មួយឯករាជ្យនៅគ្រប់កន្លែងឃុំឃាំងជនទាំងឡាយដែលត្រូវបានដកហូតសេរីភាព។ ទី៣. ធានាថាមន្រ្តីសាធារណៈជាអ្នកគ្រប់គ្រងមនុស្សដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួនប្រកបដោយសេចក្តីថ្លៃថ្នូរ និងការគោរព។

ឯកឧត្តម នុត សាអាន បានសង្ឃឹមជឿជាក់ថា តំណាងគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម មន្រ្តីលេខាធិការដ្ឋាន និងមន្រ្តីអនុគណៈកម្មាធិការប្រឆាំងទារុណកម្ម របស់អង្គការសហប្រជាជាតិ (SPT) និងបានទទួលស្វាគមន៍ពីមន្រ្តីសាធារណៈ ពីអាជ្ញាធរមានសមត្ថកិច្ចទទួលបន្ទុកគ្រប់គ្រងជនដែលត្រូវបានដកហូតសេរីភាព នៅពេលចុះអនុវត្តភារកិច្ចរបស់ខ្លួននៅតាមកន្លែងឃុំឃាំងនានា ដោយមិនមានការជូនដំណឹងជាមុន និងគ្មានការរារាំងគ្រប់រូបភាព។ មន្រ្តីសាធារណៈ និងអាជ្ញាធរមានសមត្ថកិច្ច ទទួលបន្ទុកគ្រប់គ្រងជនដែលត្រូវបាមដកហូតសេរីភាពទទួលបានការយល់ដឹងអំពីការអនុវត្តវិធានជាបទដ្ឋានជាតិ អន្តរជាតិ ទាក់ទងនឹងការគ្រប់គ្រងជនដែលត្រូវបានដកហូតសេរីភាព។

លោក ញ៉ន សិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី បានថ្លែងនូវការគាំទ្រទាំងស្រុង ចំពោះគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) ក្នុងការបើកវគ្គអប់រំផ្សព្វផ្សាយអំពីលិខិតបទដ្ឋានជាតិ អន្តរជាតិ ពាក់ព័ន្ធនឹងការគោរពសិទ្ធមនុស្ស និងតួនាទីភារកិច្ច ជូនដល់មន្រ្តី សាធារណៈ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការគ្រប់គ្រងទីកន្លែងឃុំឃាំង ក្នុងគោលបំណង ដើម្បីពង្រឹងការគោរពសិទ្ធិមនុស្ស និងការឈានទៅរកការអនុវត្តលទ្ធិប្រជាធិបតេយ្យកាន់តែល្អប្រសើរឡើងថែមទៀតប្រកបដោយប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង