ទីបំផុតព្រឹទ្ធសភាអាមេរិក បោះឆ្នោតគាំទ្រឲ្យដំណើរការ សវនាការកាត់ទោសលោក ដូណាល់ ត្រាំ
(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានបោះឆ្នោតគាំទ្រលើការដំណើរការសវនាការ កាត់ទោសអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ពីបទចោទដែលសភាតំណាងរាស្ត្រ បានចោទប្ដឹងដកតំណែងរូបលោក សម្រាប់ការញុះញង់ឱ្យក្រុមកុបករ វាយប្រហារលើវិមានសភាកាលពីខែមករា កន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១។
ព្រឹទ្ធសភាអាមេរិក ដែលបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្ស ប្រជាធិបតេយ្យ បានបោះឆ្នោតគាំទ្រលើការដំណើរការសវនាការកាត់ទោសលោក ដូណាល់ ត្រាំ ក្នុងសំឡេងគាំទ្រ ៥៦ ទល់នឹង ៤៤ សំឡេងជំទាស់។ សវនាការនៅឯព្រឹទ្ធសភា មិនមែនផ្ដោតសំខាន់លើការដកតំណែងលោក ដូណាល់ ត្រាំ ទៀតនោះទេ ដោយសារតែលោកបានផុតអាណត្តិជាប្រធានាធិបតីទៅហើយ ខណៈក្រុមមេធាវីលោក ត្រាំ ផ្ទាល់ក៏បានអះអាងដែរថា លោកអតីតប្រធានាធិបតី មិនអាចប្រឈមមុខនឹងសវនាការកាត់ទោសឡើយ ក្រោមហេតុផលដូចគ្នានេះដែរ។
ទោះជាយ៉ាងណា ក្រុមអ្នកតាមដាននយោបាយអាមេរិកយល់ថា គណបក្សប្រជាធិបតេយ្យចង់ឆ្លៀតឱកាសជាន់ពន្លិច ប្រជាប្រិយភាពរបស់គណបក្សសាធារណរដ្ឋ ហើយអ្វីដែលពួកគេចង់បានបំផុត នោះគឺរារាំងមិនឱ្យលោក ត្រាំ ឈរឈ្មោះ ឬចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក សាជាថ្មីនៅឆ្នាំ២០២៤។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ត្រូវបានសភាតំណាងរាស្ត្រអាមេរិក គ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ចោទប្ដឹងដកតំណែងកាលពីថ្ងៃទី១៣ ខែមករាកន្លងទៅ ពីបទញុះញង់ជាមួយការប្រើប្រាស់ពាក្យ «តស៊ូប្រយុទ្ធរហូតដល់ទីបំផុត» ដើម្បីឱ្យក្រុមកុបករគាំទ្ររូបលោក សម្រុកចូលវាយប្រហារលើវិមានសភា កាលពីថ្ងៃ០៦ ខែមករា ដែលបណ្ដាលមនុស្ស ០៥នាក់ស្លាប់។
លោក ដូណាល់ ត្រាំ បានច្រានចោលការចោទប្រកាន់បែបនេះ រីឯក្រុមអ្នកជំនាញយល់ថា លោក ត្រាំ អាចនឹងរួចខ្លួនពីការកាត់ទោស នៅក្នុងព្រឹទ្ធសភាជាលើកទី ២ ពីព្រោះដើម្បីចោទប្រកាន់ ឬកាត់ទោសលោក ត្រាំ គណបក្សប្រជាធិបតេយ្យត្រូវរកឱ្យបានសំឡេង ២ ភាគ ៣ ពោលគឺមានន័យថា ទាល់តែមានការចូលរួមពីសមាជិកព្រឹទ្ធសភាសាធារណរដ្ឋ ១៧រូបឯណោះ។ ម្យ៉ាងវិញទៀត តាមរយៈការបោះឆ្នោតខាងលើ គេអាចសន្និដ្ឋានជាមុនរួចទៅហើយថា មិនទាន់ចូលដល់សវនាការមែនទែនផង សមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ ៤៤រូបបានជំទាស់បាត់ទៅហើយ៕