រងការរិះគន់ថា អធិការខណ្ឌ បឹងកេងកង មិនហ៊ានបង្រ្កាប ទីតាំងភ្នាល់បាល់ ក្នុងហាងយីហោ ” 7NT COFFEE នៅផ្លូវ២៩៨ ព្រោះខ្លាចបែកឆ្នាំងបាយ
ភ្នំពេញ ÷ នាពេលកន្លងទៅថ្មីៗនេះ អង្គភាព សារព័ត៌មាន យើង បានធ្វើការផ្សាយនិងបានរាយការណ៍ទៅលោក សុឹម ពិសិដ្ឋ អធិការខណ្ឌ បឹងកេងកង ម្តងរួចហើយ តាមប្រព័ន្ធ តេលេក្រាម ទាក់ទង ទៅនិង ការបើកទីតាំងលក់ ការហ្វេយីហោ7NT COFFEE មានទីតាំង ឋិត នៅក្បែរ ផ្សារអូឡាំពិក តាមបណ្តោយផ្លូវ លេខ ២៩៨ សង្កាត់ ទួលស្វាយ ព្រៃទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ដោយមានការ លួចបង្កប់កន្លែងចាក់បាល់តាមប្រព័ន្ធអនឡាញ ភ្នាល់ដាក់លុយ យ៉ាងគគ្រឹកគគ្រេង ។ ដោយយោង តាមប្រភព បឋម បានឲ្យដឹងថា ទីតាំងមួយនេះជារបស់មន្រ្តី ម្នាក់ (សុំលាក់ឈ្មោះសិន)បំរើការងារក្នុងរដ្ឋបាលខណ្ឌបឹងកេងកង។
ក៏ប៉ុន្តែ ទោះបីជាសារព័ត៌មាន យើង ធ្លាប់រាយការណ៍តាមប្រព័ន្ធតេលេក្រាម ទៅលោក សុឹម ពិសិដ្ឋ អធិការខណ្ឌបឹងកេងកង យ៉ាងណាក៏ដោយ គេសង្កេតឃើញថា ទីតាំង ល្បែង ស៊ីសង ភ្នាល់ ចាក់លុយ ដែលជា ប្រភេទ ល្បែង ចាក់បាល់ តាមប្រព័ន្ធ អនឡាញ បង្កប់ក្នុងហាងកាហ្វេ យីហោ ” 7NT COFFEE ” នៅតែបើក ដំណើរការយ៉ាងរលូនដដែល នៅមិនទាន់ឃើញ នគរបាល ខណ្ឌបឹងកេងកង ចុះបង្រ្កាបឡើយ។
តើលោក សុឹម ពិសិដ្ឋ អធិការខណ្ឌបឹងកេង កង ពិតជា មិនហ៊ានបង្រ្កាប ទីតាំងចាក់បាល់ក្នុងហាងការហ្វេ7NT COFFEE ដូចការរិះគន់ មែនដែរឬទេ? តើលោកអធិការ បានទទួលផលប្រយោជន៍ ពីទីតាំង មួយនេះ ឬយ៉ាងណា ទើបមិនហ៊ាន ទៅបង្រ្កាប យ៉ាងដូច្នេះ?
យើងដឹង ហើយថា ល្បែងស៊ីសង គ្រប់ប្រភេទ វាជាប្រភព មួយបង្ករឲ្យ កើតមាន ជា ករណី ចោរលួច ឆក់ ប្លន់ និង អំពើហឹង្សា ក្នុងគ្រួសារ ។ ដោយសារ ហេតុនេះ ហើយ ទើប ប្រមុខ ថ្នាក់ដឹកនាំ នៃ ព្រះរាជាណាចក្រ កម្ពុជា បាន បញ្ជារឲ្យ ក្រសួង មហាផ្ទៃ ដាក់ចេញ ជាផ្លូវការ នូវ គោលនយោបាយ ទាំង ៩ ចំណុច ដើម្បី ភូមិ ឃុំ មានសុវត្ថិភាព ឲ្យស្ថាប័ន មានសមត្ថកិច្ច យកទៅ អនុវត្តន៍ ដើម្បី ការពារ និង ធានា សុខ សុវត្ថិភាព របស់ សង្គម ជាតិ និង ប្រជាពលរដ្ឋ ក្នុងប្រទេស កម្ពុជា ។ តែក្នុងនោះ បែរជា គេសង្កេត ឃើញ ថា គោលនយោបាយ ទាំង ៩ចំណុច ដើម្បី ភូមិ ឃុំ មានសុវត្ថិភាព របស់ក្រសួង មហាផ្ទៃ ហាក់បីដូចជា ពុំសូវមាន ប្រសិទ្ធភាព សំរាប់មន្ត្រី ថ្នាក់ ក្រោមជាតិ ឡើយ ។ ដោយសារនៅត្រង់ ចំណុចទី ៥ បានលើកឡើងថា ” គ្មានការលេង ល្បែងស៊ីសង ខុសច្បាប់ គ្រប់ប្រភេទ ការប្រើប្រាស់ អាវុធខុសច្បាប់ និងបទល្មើស គ្រប់ប្រភេទ ” ។
មហាជន អស់សង្ឃឹម យ៉ាងខ្លាំង ចំពោះលោក សុឹម ពិសិដ្ឋ ក្នុងនាមជាអធិការខណ្ឌបឹងកេងកង ដែលទទួល បានការរាយការណ៍ ថា មានករណី បង្កប់ល្បែង ចាក់បាល់ ក្នុងហាងកាហ្វេយីហោ 7NT COFFEE ហើយបែរជា រក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹង មិនលឺ និង មិនទៅបង្រ្កាប។ ដូច្នេះមហាជន សូមស្នើដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ ឯកឧត្តម ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ រាជធានីភ្នំពេញ មេត្តា ត្រួតពិនិត្យ សកម្មភាព របស់លោកអធិការ ខណ្ឌ បឹងកេងកង ផង តើហេតុអ្វី មិន បង្រ្កាប ទីតាំង ចាក់បាល់ ក្នុងហាងកាហ្វេ យីហោ 7NT COFFEE នៅសង្កាត់ ទួលស្វាយព្រៃទី១ យ៉ាងដូច្នេះ?