សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាត្រូវធ្វើការបោសសម្អាតមីនលើផ្ទៃដីចំនួន ៧៩៤គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ១ ២៤០ គីឡូម៉ែត្រការ៉េបន្ថែមទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥» ព័ត៌មានជាតិ ចេញផ្សាយ ថ្ងៃទី 23 ខែ កុម្ភៈ ឆ្នាំ 2022 105 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាត្រូវធ្វើការ បោសសម្អាតផ្ទៃដីដែលមានមីនចំនួន ៧៩៤គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាមរួមទាំងគ្រាប់បែក ចង្កោមចំនួន ១ ២៤០គីឡូម៉ែត្រការរ៉េបន្ថែមទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យតាមផែនការយុទ្ធសាស្ត្រជាតិ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥»។ ក្នុងសារលិខិតនាឱកាសប្រារព្ធខួបលើកទី២៣ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវ ទី១. ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រតិបត្តិករជាតិនិងអន្តរជាតិ ត្រូវចូលរួមឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការផ្សព្វផ្សាយការយល់ដឹង ពីគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារា កុមារី និងយុវជនក្រៅសាលានៅតាមសហគមន៍ដែលរងផលប៉ះពាល់ តាមរយៈសកម្មភាពអប់រំដោយផ្ទាល់នៅតាមសហគមន៍ សាលារៀន និងវត្តអារាម ការអនុវត្ត គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ កម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា និងការផ្សព្វផ្សាយទូលំទូលាយតាមវិទ្យុ ទូរទស្សន៍បណ្ដាញសង្គម ផ្ទាំងប៉ាណូ និងខិត្តប័ណ្ណ។ ទី២. អាជ្ញាធរមីន ត្រូវបន្តសម្របសម្រួលជាមួយប្រតិបត្តិករជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធ ដើម្បី កំណត់ឱ្យបានជាក់លាក់នូវតំបន់ ឬទីតាំងដែលរងការប្រឈមគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធ្វើការអប់រំទប់ស្កាត់គ្រោះថ្នាក់បានទាន់ពេលវេលា ព្រមទាំងរៀបចំសារអប់រំ និងវិធីសាស្ត្រអប់រំឱ្យកាន់តែមានប្រសិទ្ធភាពទៅតាមបរិបទនៃសហគមន៍ ដែលរងផលប៉ះពាល់និងឥរិយាបថរបស់ជនងាយរងគ្រោះ។ ទី៣. ប្រទេសម្ចាស់ជំនួយនិងដៃគូអភិវឌ្ឍន៍ សូមបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម អប់រំកាត់បន្ថយគ្រោះថ្នាក់ និងសង្គ្រោះជនពិការដោយសារ គ្រឿងផ្ទុះទាំងនេះ។ ទី៤. អាជ្ញាធរមីន ក្រសួង ស្ថាប័នពាក់ព័ន្ធប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ គួរបន្តស្រាវជ្រាវ វិធីសាស្ត្រកៀរគរធនធានប្រកបដោយនវានុវត្តន៍ ជាពិសេសជំរុញការចូលរួមពីវិស័យឯកជន ក្នុង ដំណើរឆ្ពោះទៅរកការសម្រេចបានចក្ខុវិស័យ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥»។ ទន្ទឹមនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអំពាវនាវ បើបងប្អូនកូនក្មួយឃើញមីន គ្រាប់បែកចង្កោម ឬសំណល់ជាតិផ្ទុះពីសង្គ្រាម សូមកុំប៉ះពាល់ កុំដំ កុំដុត និងកុំគប់លេង ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់ ធ្លាក់ខ្លួនពិការ និងបាត់បង់ជីវិត ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឬប្រតិបត្តិករបោសសម្អាត មីនដែលនៅជិតបំផុត។ ទន្ទឹមនេះ ហាមទិញ លក់ រក្សាទុក កែច្នៃមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលជា អំពើខុសច្បាប់។ កុំប្រើប្រាស់ដី និងកុំចូលក្នុងតំបន់ដែលមិនស្គាល់ច្បាស់ ឬសង្ស័យថាមានមិន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ គួរបញ្ជាក់ដែរថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២១ រយៈពេល ២៩ឆ្នាំកន្លងមកនេះ ផ្ទៃដីទំហំ ២ ៣២៥ គីឡូម៉ែត្រ ការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម ៧១ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ ៨ភាគរយ និងផ្សេងៗ២១ភាគរយ រួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយមានប្រជាពលរដ្ឋទទួលផលចំនួន ៧ ៣២២ ៥៣៦ នាក់។ មីនប្រឆាំងមនុស្ស ចំនួន ១ ១១៨ ៦៩៣គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន ២៥ ៩១៨ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់ បញ្ចូលទាំងគ្រាប់បែកចង្កោម ចំនួន ២ ៩៧៧ ២៦៧គ្រាប់ ត្រូវបានរកឃើញនិងបំផ្លាញចោល។ ទន្ទឹមនឹងនោះ ចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤៤នាក់ ក្នុងឆ្នាំ២០២១កន្លងទៅ៕ ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ ធូ កុសល 105 ចែករំលែក