CAMSOC ត្រៀមក្រុមប្រតិភូ គណៈកម្មការជំនាញចូលរួម ស៊ីហ្គេម នៅវៀតណាម ២០២២

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានជំរុញបន្ថែមនូវការត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ពីថ្ងៃទី១២ ដល់ថ្ងៃ ទី២៣ ខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ។

ថ្លែងក្រោយកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា កម្ពុជាបានត្រៀម ក្រុមប្រតិភូ គណៈកម្មការជំនាញនានារបស់ CAMSOC ចូលរួមស្រង់បទពិសោធន៍ល្អៗយកមករៀបចំដឹកនាំគ្រប់គ្រង ការធ្វើ ម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាឱ្យទទួលបានជោគជ័យ។

ឯកឧត្តមអគ្គលេខាធិការ បន្ថែមថា ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានគណៈអចិន្ត្រៃយ៍ CAMSOC បានផ្តល់អនុសាសន៍ សំខាន់ៗ ក្នុងការជំរុញឱ្យក្រុមប្រតិភូក្រុមគណៈកម្មការជំនាញនានា ត្រៀមខ្លួនចូលរួមដកពិសោធន៍ទាំងនយោបាយរៀបចំ ព្រឹត្តិការណ៍ ទាំងការដកស្រង់បទពិសោធន៍បច្ចេកទេស ជាពិសេសគឺគ្រប់អគ្គលេខាធិការសហព័ន្ធកីឡាជាតិទាំងអស់របស់កម្ពុជា ត្រូវចូលរួមពិនិត្យមើលដកស្រង់បទពិសោធន៍ដោយផ្ទាល់ដូចគ្នាផងដែរ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅវៀតណាម តែម្តង។

ជាមួយគ្នានេះ កិច្ចប្រជុំក៏ផ្តោតសំខាន់ក្នុងការត្រៀមក្រុមប្រតិភូពិសេសរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដើម្បីចូលរួមទទួលទង់ស៊ីហ្គេម ពីម្ចាស់ផ្ទះ វៀតណាម នៅក្នុងពិធីបិទការប្រកួត ជាផ្លូវការ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តម បានបញ្ជាក់ថា នៅក្នុងពិធីបិទការប្រកួតជាផ្លូវការនេះដែរ កម្ពុជានឹងរៀបចំទស្សនីយភាពដ៏ទាក់ទាញមួយ ដូចជាការ សម្តែង របាំ ចម្រៀង (ជាង១០នាទី) ដើម្បីបើកការទទួលស្វាគមន៍បណ្តាប្រទេសនានា ក្នុងអាស៊ីអាគ្នេយ៍ឆ្ពោះមកចូលរួមស៊ីហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣។ ចំណុចនេះគឺនឹងបង្ហាញពីមោទនភាពរបស់កម្ពុជា ដែលជាម្ចាស់ផ្ទះបន្តវេន និងដែលមានសារៈសំខាន់ ក្នុងការបង្ហាញពីការត្រៀមខ្លួនរួចរាល់ នៃដំណើរស៊ីហ្គេមជាប្រវត្តិសាស្ត្ររបស់កម្ពុជា។

សូមបញ្ជាក់ថា ការចូលរួមប្រកួត កីឡាស៊ីហ្គេម នៅវៀតណាមលើកនេះ គឺកម្ពុជាបានត្រៀមខ្លួនចូលរួមក្នុងទ្រង់ទ្រាយធំបំផុត ជាងពេលណាៗទាំងអស់ ក្នុងគោលដៅចម្បងទាំងការរៀបចំគ្រប់គ្រង ដឹកនាំ ទាំងការសម្រួចបច្ចេកទេសរបស់កីឡាករ កីឡាការិនី ឆ្ពោះមកធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង