សម្តេចតេជោប្រតិកម្មអ្នកដែលវិភាគថាកំពង់ផែទឹកជ្រៅព្រះសីហនុ អាចក្លាយជាអន្ទាក់បំណុលរបស់ចិន គឺខុសការពិតហើយ ព្រោះកំពង់ផែដែលកំពុងធ្វើសព្វថ្ងៃជាជំនួយជប៉ុនទេ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា កំពង់ផែទឹកជ្រៅរបស់កម្ពុជានៅខេត្ដព្រះសីហនុក៏មានភាគហ៊ុនជប៉ុន និងរ៉ាប់រងទទួលប្រាក់កម្ចី និងជំនួយពីជប៉ុន ដើម្បីជំរុញ សកម្មភាព ការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាឱ្យកាន់តែប្រសើរឡើង។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងដូច្នេះ ឆ្លើយតបទៅនឹងអ្នកវិភាគមួយចំនួន ដែលវិភាគខុស ពីការពិតថា ការអភិវឌ្ឍន៍ កំពង់ផែទឹកជ្រៅ នៅខេត្តព្រះសីហនុអាចក្លាយជាអន្ទាក់បំណុលរបស់ចិន។
ហើយអ្វីដែលអ្នកវិភាគថាកម្ពុជាជំពាក់បំណុលចិន រឿងកំពង់ផែនេះគឺខុសស្រឡះ ផ្ទុយពីការពិត។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាមិនត្រូវពឹងតែជំនួយពីជប៉ុននោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគជប៉ុនមកកម្ពុជា ដែលជាចំណុចសំខាន់សម្រាប់កម្ពុជា។ សម្តេចតេជោ បានលើកឡើងថា កំពង់ផែខេត្ដព្រះសីហនុ ត្រូវបានរ៉ាប់រងទទួលខុសត្រូវ និងជួយទំនុកបម្រុងពីរដ្ឋាភិបាលជប៉ុន។ សម្តេចតេជោ បានបញ្ជាក់ថា ចំពោះអ្នកដែលបាននិយាយថា អន្ទាក់បំណុលលើបញ្ហា កំពង់ផែព្រះសីហនុ ដូចដែលគេនិយាយថាជាអន្ទាក់បំណុលរបស់ចិនដូចនៅស្រីលង្កា វាមិនមែនជាការពិត ពីព្រោះកំពង់ផែទឹកជ្រៅ នៅពេលនេះសព្វថ្ងៃនេះគឺត្រូវរ៉ាប់រងទទួលឱ្យប្រាក់កម្ចីនិងជំនួយពីជប៉ុនទៅវិញទេ។
សម្តេចតេជោ បានប្រកាសទទួលគ្រប់ពីដៃគូ អភិវឌ្ឍន៍ទាំងអស់ ដែលមានបំណងចង់ជួយកម្ពុជា។ ជាក់ស្តែងដូចជាជប៉ុនបានជួយកម្ពុជា ដូចជាផ្លូវជាតិ អាស៊ានហាយវ៉េ ពីទីក្រុងហូជីមិញ ប្រទេសវៀតណាមទៅទីក្រុងបាងកក ប្រទេសថៃ ប្រមាណ៩០ភាគរយ ដែលជាប់ពីព្រំដែនកម្ពុជា-វៀតណាម មកស្ពានអ្នកលឿន មកផ្លូវជាតិលេខ១ ហើយបន្តពីផ្លូវជាតិ លេខ៥ ព្រែកក្តាមទៅព្រំដែនកម្ពុជា-ថៃ។ សម្តេចតេជោបានលើកឡើងថា អ្វីដែលជប៉ុនជួយកម្ពុជា គឺមានតាំងពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងអតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe មកម៉្លេះ។
« អ៊ីចឹងទេសូមអ្នកនិយាយវិភាគមួយចំនួនដែលមិនយល់ដឹងពីការពិតឈប់និយាយទៀតទៅ ពីព្រោះកំពង់ផែកំពុងធ្វើ ប្រតិបត្តិការដឹកទំនិញចេញ-ចូលនេះ កំពុងតែមានរួមចំណែកនិងកសាងអ្វីៗ គឺមានពីជប៉ុន ហើយក៏ជប៉ុន កំពុងមានភាគហ៊ុន ផងដែរ។ ប៉ុន្តែពួកគេវិភាគឃើញថា វាអាចក្លាយទៅជា អន្ទាក់បំណុលរបស់ចិនទៅវិញ ជប៉ុនអ្នកធ្វើ ជប៉ុនអ្នកជួយ ហេតុអ្វីបានក្លាយ ជាអន្ទាក់បំណុលរបស់ចិន នេះជាការមួលបង្កាច់ ដែលយើងមិនដឹងថា ប្រៀបធៀបក្រុមរបស់គេជាអ្វី ដែលអាចចាត់ទុកថាជាតិរច្ឆាន ប៉ុន្តែទៅផុតពីតិរច្ឆានទៅទៀត ព្រោះតិរច្ឆានវាស្គាល់សំបុករបស់វា» ៕