ទិវាជាតិយល់ដឹងអំពីមីនក្រើនរំលឹក ឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់មីន ខណៈដែលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ គឺជាឃាតក លាក់មុខបំផ្លាញជីវិតប្រជាជន
MC៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិត ជូនជនរួមជាតិ ក្នុងឱកាសខួបលើកទី២២ នៃទិវាជាតិយល់ដឹងអំពីមីន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ដើម្បីជាសារក្រើន រំលឹក ឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់មីន ខណៈដែលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ គឺជាឃាតក លាក់មុខ បំផ្លាញជីវិតប្រជាជន ។
តាមរយៈសារលិខិតថ្លែងក្នុងឱកាសប្រារព្ធខួបលើកទី២៣ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ឆ្នាំ២០២២ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជា ណាចក្រកម្ពុជា ខ្ញុំមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមថ្លែងនូវសារលិខិតដើម្បីរំលឹកដល់បងប្អូនជនរួមជាតិទាំងអស់ ជាពិសេសបងប្អូនដែលកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រឿងផ្ទុះទាំងនោះ។
សម្តេចតេជោតែងតែចាត់ទុក ការបាត់បង់ជីវិត ពិការ និងរបួសរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកដោះមីន ថា ទោះបីការបាត់បង់ជីវិត ឬពិការប្រជាជនសូម្បីតែម្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាទុក្ខសោក និងជាការសោកស្តាយបំផុត សម្រាប់ ប្រទេសជាតិទាំងមូល។
សម្តេចតេជោ បន្តថា សង្គ្រាមបានបន្សល់នូវគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបណ្តាលឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ជីវិត ព្រមទាំងបង្កនូវសោកនាដកម្មដ៏ឈឺចាប់ ដែលមិនធ្លាប់កើតមានពីមុនមក និងរាំងស្ទះដល់ការអភិវឌ្ឍន៍ប្រទេស។ ជាមួយនឹងការបង្រួបបង្រួមជាតិ ដែលនាំមកនូវស្ថិរភាព នយោបាយ សុខសន្តិភាពនិងសុវត្ថិភាពពេញលេញទូទាំងប្រទេសនិងការអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមនយោបាយ ឈ្នះ ឈ្នះ នៅចុងឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជាមានលទ្ធភាពដោះស្រាយនូវផលអវិជ្ជមានលើគ្រប់វិស័យ។ ជាមួយគ្នានេះ សមិទ្ធផល លើវិស័យសកម្មភាពមីនបានចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចគាំពារសន្តិភាពនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
សម្តេចតេជោបានបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩២ដល់ឆ្នាំ២០២១ រយៈពេល២៩ឆ្នាំកន្លងមកនេះ ផ្ទៃដីទំហំ២ ៣២៥គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម ៧១ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ ៨ភាគរយ និងផ្សេងៗ ២១ភាគរយ រួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀនមណ្ឌលសុខភាពជាដើម ដោយមាន ប្រជាពលរដ្ឋទទួលផលចំនួន ៧ ៣២២ ៥៣៦ នាក់។ មីនប្រឆាំងមនុស្សចំនួន ១ ១១៨ ៦៩៣គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន ២៥ ៩១៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់បញ្ចូលទាំងគ្រាប់បែកចង្កោម ចំនួន ២ ៩៧៧ ២៦៧គ្រាប់ ត្រូវបានរកឃើញនិង បំផ្លាញចោល។ ទន្ទឹមនឹងនោះចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤៤នាក់ ក្នុងឆ្នាំ២០២១ កន្លងទៅ៕