ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ទទួលការចាក់វ៉ាក់សាំងស៊ីណូហ្វាមបង្ការកូវីដ១៩ ដូសទី១ រួចហើយ

TNM(ខេត្តក្រចេះ) ៖ នាព្រឹកថ្ងៃទីពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម វ៉ា​ ថន​ អភិបាល​ខេត្ត​ក្រចេះ​ បានអញ្ជើញចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូហ្វាម​ ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ដូសលើកទី១​ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

សូមជម្រាបថា នៅថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំមួយចំនួនរបស់កម្ពុជា និងអ្នកសារព័ត៌មាន ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ ចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ក្នុងនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានចាក់វ៉ាក់សាំងនេះមុនគេបង្អស់សម្រាប់ការចាក់នៅក្នុងប្រទេសកម្ពុជា។

ការទទួលវ៉ាក់សាំងកូវីដ១៩ ឈ្មោះ សីណូហ្វាម (Sinopharm) ជូនថ្នាក់ដឹកនាំកម្ពុជា លើកដំបូងនេះ ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៤ រួមមាន ៖ ១៖ មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ។ ២៖ មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ។ ៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងទី៤៖ មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន៕

 

អត្ថបទដែលជាប់ទាក់ទង