លោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយច្រកព្រំដែនទ្វេភាគីដា​ និងបក្សពួកប្រើអំណាច និងតួនាទីប្រមូលលុយតាមរបៀបពុករលួយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនគួរមើលរំលងទេទាន។

មន្ត្រីនៅច្រកព្រំដែនទ្វេភាគីបានឲ្យដឹងថា ទំនិញដែលក្រុមឈ្មួញធំៗនាំចូលតាមច្រកនេះបង់ពន្ធមិនដល់៥០ភាគរយផងទេ ហើយក្រៅពីនេះឈ្មួញបែងចែកផលប្រយោជន៍ជាមួយលោក មុយ បញ្ញារិទ្ធ យ៉ាងត្រជាក់ចិត្ត។ ឈ្មួញឈ្មោះ ចែដែត ឈ្មួញឈ្មោះ ចែពិដោរ និងឈ្មួញជាមន្ត្រីធំម្នាក់នៅក្រសួងមហាផ្ទៃ នៅតែអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកដា យ៉ាងរលូនដដែល ព្រោះលោក មុយ បញ្ញារិទ្ធ គិតតែពីរឿងប្រមូលលុយប៉ុណ្ណោះ។ ទន្ទឹមនឹងនេះក្រុមឈ្មួញ និងអាជីវករដែលដឹកជញ្ជូនជ័រកៅស៊ូស្អុយ កសិផលផ្សេងៗ និងអុសធ្យូងចេញទៅស្រុកយួនតាមច្រកទ្វេភាគីដា ក៏ជាប្រភពចំណូលរបស់លោក មុយ បញ្ញារិទ្ធ ផងដែរ។
តាមប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកព្រំដែនទ្វេភាគីដា ហៅច្រកដូង៧ដើម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្នលោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយច្រកព្រំដែនទ្វេភាគីដា​ នៅតែប្រើអំណាច និងតួនាទីរបស់ខ្លួនប្រមូលលុយតាមរបៀបពុករលួយយ៉ាងសុខស្រួល។ មេៗគយនៅក្នុងខេត្តត្បូងឃ្មុំ មិនហ៊ានប៉ះពាល់លោក មុយ បញ្ញារិទ្ធ នោះទេ​ព្រោះអីលោក មុយ បញ្ញារិទ្ធ មានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ហេតុនេះហើយទើបលោក មុយ បញ្ញារិទ្ធ ប្រព្រឹត្តអំពើពុករលួយខ្លាំងជាងកាលលោក យឹម វណ្ណៈ នៅធ្វើជាប្រធានការិយាល័យគយច្រកដា ហៅច្រកដូង៧ដើម ទៅទៀតដោយសារអាងមានខ្នងបង្អែករឹងមាំចាំជួយការ​ពារ។
តាមការបង្ហើបពីមន្ត្រីគយនៅក្នុងអង្គភាពសាខាគយខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បើគ្មានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទេនោះគឺលោក មុយ បញ្ញារិទ្ធ មិនហ៊ានប្រព្រឹត្តអំពើពុករលួយតាមរបៀបជិះសេះលែងដៃដូចសព្វថ្ងៃនេះទេ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរមើលរំលងអំពើពុករលួយរបស់លោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយច្រកព្រំដែនទ្វេភាគី ហៅច្រកដូង៧ដើម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នោះទេ។ ដោយក្រោយពេលទទួលបានតំណែងជាប្រធានការិយាល័យគយច្រកដា ជំនួសលោក យឹម វណ្ណៈ រួចមកគឺលោក មុយ បញ្ញារិទ្ធ ល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹង។
ការិយាល័យនិពន្ធ TNM TV ONLINE 012696679
អត្ថបទដែលជាប់ទាក់ទង