បុរសម្នាក់ចាក់សាំងដុតម៉ូតូខ្លួនឯងចោល ព្រោះតែខឹង នគរបាលចរាចរណ៍ផាកពិន័យជិះម៉ូតូអត់ពាក់មួយសុវត្ថិភាពនឹងអត់មានស្លាកលេខ!
(ខេត្តរតនគិរី)៖ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ កាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២២នៅតាមផ្លូវទល់មុខតារាងបាល់ចាស់ ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។ តាមសាក្សីនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា បុរសម្នាក់នេះជិះម៉ូតូ១ គ្រឿងម៉ាកវ៉េវឆ្លាម ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់កន្លែងកើតហេតុត្រូវបាននគរបាលចរាចរណ៍ឃាត់ខណៈដែលបុរសរូបនេះមិនមានពាក់មួកសុវត្ថិភាព និងម៉ូតូក៏អត់មានស្លាកលេខផងដែរ ហើយនគរបាលចរាចរណ៍ក៏បានផាកពិន័យមិនដឹងថាមានចំនួនប៉ុន្មាននោះទេ ។ ក្រោយមកម្ចាស់ម៉ូតូក៏បានដើរទៅក្បែរម៉ូតូរបស់ខ្លួនហើយបានបង្ហូរសាំងដុតម៉ូតូចោលតែម្តង។ មន្ត្រីនគរបាលចរាចរណ៍ខេត្តបានឱ្យដឹងថា បន្ទាប់ពីបុរសម្នាក់នេះបានដុតម៉ូតូរបស់ខ្លួនហើយនោះ ត្រូវបាននគរបាលចរាចរណ៍ឃាត់ខ្លួនបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ ធ្វើតេស្តរកគ្រឿងស្រវឹង និងសារធាតុញៀន។ មន្ត្រីនគរបាលបានបញ្ជាក់ថា បុរសខាងលើមានជាតិស្រវឹងក្នុងខ្លួន។ មន្ត្រីនគរបាលចរាចរណ៍ខេត្តបានបញ្ជាក់ថា បុរសរូបនេះមានឈ្មោះ សុខ អាយុជាង៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៧ មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរកម្មករដើរដកដំឡូងមី។ រីឯម៉ូតូដែលដុតកម្ទេចចោលនោះត្រូវនគរបាលចរាចរណ៍យកមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត។ បច្ចុប្បន្ន បុរសឈ្មោះសុខនោះត្រូវបាននគរបាលចរាចរណ៍ឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕