លោក ពូទីន មានឆន្ទៈរៀបចំកិច្ចពិភាក្សាអំពីបញ្ហាសន្តិសុខ

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយប្រាប់សារព័ត៌មាន CNN ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន មានឆន្ទៈរៀបចំកិច្ចពិភាក្សានានា ស្តីពីការធានាសន្តិសុខ។

លោកបានចង្អុលបង្ហាញថា «ជាដំបូង លោកប្រធានាធិបតី ពូទីន តែងតែទាមទារឱ្យមានកិច្ចចរចា និងកិច្ចការងារការទូត។ តាមពិតទៅ លោកបានចាប់ផ្តើមបញ្ហានៃការធានាសន្តិសុខសម្រាប់សហព័ន្ធរុស្ស៊ី។ ហើយអ៊ុយក្រែនគ្រាន់តែជាផ្នែកមួយនៃបញ្ហានេះ ដោយវាជាផ្នែកមួយនៃបញ្ហាធំជាងនៃការធានាសន្តិសុខសម្រាប់រុស្ស៊ី ហើយជាការពិតណាស់ដែលលោកប្រធានាធិបតី ពូទីន មានឆន្ទៈក្នុងកិច្ចចរចា»។

ក្រុមបស្ចិមប្រទេស និងទីក្រុងគៀវ កាលពីពេលថ្មីៗនេះបានបន្លឺឡើងនូវការចោទប្រកាន់អំពីការលុកលុយដ៏មានសក្តានុពលរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ លោក Peskov បានចាត់ទុកការអះអាងទាំងនេះថាជា «ការអះអាងដោយទទេ និងគ្មានមូលដ្ឋាន» ដោយបានប្រើវាជាឧបាយកលដើម្បីបង្កើនភាពតានតឹងតែប៉ុណ្ណោះ ដោយលោកបានចង្អុលបង្ហាញថា ប្រទេសរុស្ស៊ីមិនបានគំរាមកំហែងដល់នរណាម្នាក់ឡើយ។ នៅចុងឆ្នាំ២០២១ ទីក្រុងមូស្គូបានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងអង្គការណាតូចុះហត្ថលេខាលើឯកសារដែលមានកាតព្វកិច្ចស្របច្បាប់ទៅលើការធានាសន្តិសុខទៅវិញទៅមក ទាក់ទងនឹងការប៉ុនប៉ងរបស់សម្ព័ន្ធមិត្តក្នុងការប្រើប្រាស់ទឹកដីរបស់អ៊ុយក្រែនសម្រាប់គោលបំណងយោធា។ ទីក្រុងមូស្គូរំពឹងថា អង្គការណាតូនឹងបញ្ឈប់ការពង្រីកខ្លួនទៅតំបន់ខាងកើត និងដាក់កម្រិតទៅលើការដាក់ពង្រាយអាវុធវាយលុកដ៏ធ្ងន់ធ្ងរទៅកាន់ប្រទេសអ៊ុយក្រែន។ ភាគីទាំងពីរបានធ្វើកិច្ចចរចាជាច្រើនលើក ដែលរួមមានទាំងជំនួបរវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានប្រកាសនៅឡើយទេ៕ (ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ​ធូ កុសល

អត្ថបទដែលជាប់ទាក់ទង