តុលាការសម្រេចឃុំខ្លួនលោកផ្កាយ៣ ឌួង ងៀប ដាក់ពន្ធនាគារបណ្ដោះអាសន្ន ពាក់ព័ន្ធការឆបោកនិងចេញសែកគ្មានប្រាក់ជាង៧លានដុល្លារ ឲ្យជនជាតិតៃវ៉ាន់

(ភ្នំពេញ)៖ បន្ទាប់ពីចាប់ខ្លួន កាលពីព្រឹកទី១៤.០២.២០២២ ឥឡូវនៅរសៀលថ្ងៃដដែល។
លោក អ៉ឹម វណ្ណៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួន លោក ឌួង ងៀប អគ្គលេខាធិការរង នៃក្រសួងមហាផ្ទៃ ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។

សូមជម្រាបថា៖ កាលពីថ្ងៃទី១០.០២.២០២២ សាលាដំបូងរាជធានីភ្នំពេញ៖ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖ លោក ឌួង ងៀប បានចេញសែកស្អុយគ្មានសាច់ប្រាក់ចំនួន០៣សន្លឹក អោយទៅជនរងគ្រោះជាដើមបណ្ដឹង ។
ក្នុងនោះសូម្បីប្រាក់សម្រាប់តម្កល់ទុកធានាក៍លោក ឌួង ងៀប មិនបានបំពេញកាតព្វកិច្ចផង។

យោងតាមការបំភ្លឺ របស់សាលាដំបូងរាជធានីភ្នំពេញ គឺដើមហេតុនៃទំនាស់ប្ដឹងផ្ដល់នេះមកពីលោក ឌួង ងៀប ទទួលប្រាក់ពីដើមចោទជាង៧លានដុល្លារ រឿងលក់អចលនវត្ថុ(ដី)។
ប៉ុន្តែក្រោយទទួលបានប្រាក់ហើយ បែរជាលោក ឌួង ងៀប មិនមាន(ដី)ឱ្យជនរងគ្រោះ ទើបកើតជារឿងប្ដឹងផ្ដល់។

លុះថ្មីៗនេះលោកឧត្ដមសេនីយ៍ឯក ឌួង ងៀប បានសម្ដែងការខកចិត្ត ដើរចូលគុកដោយខ្លួនឯង និងស្រែកថា៖ តុលាការរាជធានីភ្នំពេញ គ្មានយុត្តិធម៌ ។
ធ្វើរឿងពីសទៅខ្មៅ ខណៈរូបលោកត្រូវជនជាតិចិនតៃវ៉ាន់ ប្ដឹងពីបទ(ឆបោក)។

ទោះជាយ៉ាងណាក្ដី៖ ករណីនេះលោក ឌួង ងៀប បានចេញលិខិតសូមទោស ទទួលស្គាល់កំហុសរបស់ខ្លួនហើយ។
ពោលគឺបច្ចុប្បន្ន៖ តុលាការកំពុងអនុវត្តនីតិវិធីលើរូបលោក ដោយឃុំខ្លួនជាបណ្ដោះអាសន្ន៕

អត្ថបទដែលជាប់ទាក់ទង