សមត្ថកិច្ចចាប់ខ្លួនអ្នកជួញដូរគ្រឿងញៀនឆ្លងដែនបានម្នាក់នឹងដកហូតវត្ថុតាងគ្រឿងញៀនចំនួន10 កញ្ចប់ធំ ក្នុងខេត្តស្ទឹងត្រែង
132
ខេត្តស្ទឹងត្រែងៈ កម្លាំងជំនាញនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃក្រសួងមហាផ្ទៃ សហកាជាមួយកម្លាំងជំនាញនគរបាលនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការ ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនឆ្លងដែន មួយដ៏ធំ ដែលនាំចូលពីឡាវ មកកម្ពុជា ក្នុងនោះសមត្ថកិច្ចចាប់ឃាត់ខ្លួនបានជនសង្ស័យជាបុរសម្នាក់ រួមនិងដកហូតយកបានវត្ថុតាងគ្រឿងញៀនប្រមាណជិត10គីឡូក្រាម មានចំនួន10កញ្ចប់ធំ បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ។ ប្រតិបត្តិការនៃការចុះបង្ក្រាបគ្រឿងញៀនខាងលើនោះ នៅវេលាម៉ោង9និង50នាទី ថ្ងៃទី13 ខែកុម្ភៈ ឆ្នាំ 2022 ត្រង់ចំណុចស្ពានទី 2 ស្ថិតនៅក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលខាងកម្លាំងនគរបាលចាប់ឃាត់ខ្លួនបានម្នាក់នោះមាន ឈ្មោះភីម ម៉ាន់ចាន់ កាន់ ភេទប្រុសមានអាយុ 24 ឆ្នាំ ជនជាតិឡាវសញ្ជាតិឡាវ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិថាកាំង ស្រុកមុនខេត្តចំប៉ាសាក់ ប្រទេសឡាវ។ សមត្ថកិច្ចបានបញ្ជាក់ថា ក្រាយពេលចាប់ខ្លួនបានដោយធ្វើការឆែកឆេរនិងបានដកហូតយកបានវត្ថុតាងគ្រឿងញៀនចំនួន 10 កញ្ចប់ធំ ស្មើនឹងចំនួនជិត10គីឡូក្រាម នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីសាកសួរ។ ដោយមានការសម្របសម្រួលពី លោកសុិន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង លោកបានអញ្ជើញមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ធ្វើការត្រួតពិនិត្យនឹងបានថ្លឹងគ្រឿងញៀនទាំងចំនួន10កញ្ចប់ធំនោះ ឃើញថាមានចំនួនពិតប្រាកដស្មើរនឹង9.866.56គីឡូក្រាម ជាប្រភេទមេតំហ្វេតាមីន (ម្សៅក្រាមពណ៌សថ្លា) រួមនឹងបានធ្វើតេស្តគ្រឿងញៀនរកសារធាតុញៀននៅចំពោះមុខជនសង្ស័យ ដោយឃើញថាពិតជាមានសារធាតុញៀនពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងគ្រឿងញៀនគឺស្ថិតនៅក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងនៅឡើយទេ ដោយមន្ត្រីជំនាញនៅកំពុងធ្វើការសួរនាំនិងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនបន្តទៅតុលាការសាលាដំបូងខេត្តស្ទឹងត្រែង ចាត់ការតាមនីតិវិធីច្បាប់។
ជា ពុទ្ធា TNM TV ប្រចាំខេត្តស្ទឹងត្រែង