មេឃុំភ្នំលៀប ទើបជាប់ពន្ធនាគារ ឥឡូវនេះ លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ ត្រូវបានតុលាការចេញលិខិតអញ្ជើញ សាកសួរពាក់ព័ន្ធការឈូសឆាយទន្ទ្រានដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប

បន្ទាយមានជ័យ៖លោក អែម ណុយ មេឃុំភ្នំលៀប កាលពីខែធ្នូ ឆ្នាំ២០២១ ថ្មីៗនេះ ទើបត្រូវបានតុលាការខេត្តបន្ទាយមានជ័យ សម្រេចឃុំខ្លួនដាក់ពន្ធនាគារពាក់ព័ន្ធបទល្មើសកាប់ឆ្ការគាស់រាន ឈូសឆាយហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹកនៅតំបន់៣ ស្រាប់តែ ឥឡូវនេះ លោក ឃូ ពៅ អាយុ៥២ឆ្នាំ ជាអភិបាលស្រុកព្រះនេត្រព្រះ ត្រូវបាន លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ថ្មីៗនេះ បានចេញលិខិតអញ្ជើញ ឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។

យោងតាមលិខិតអញ្ជើញដែល TNM  ទើបទទួលបាន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នេះ លោក ឃូ ពៅ ត្រូវចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីសាកសួរអំពីដំណើររឿងអ្នកដែលពាក់ព័ន្ធការឈូសឆាយទន្ទ្រានដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ស្ថិតក្នុងភូមិប្រាសាទឃុំប្រាសាទនិងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ថា នាពេលកន្លងមក មានប្រជាពលរដ្ឋរាប់រយនាក់រស់នៅឃុំភ្នំលៀប ចោទប្រកាន់ អាជ្ញាធរពាក់ព័ន្ធ ពោលគឺ លោក អែម ណុយ មេឃុំភ្នំលៀប និង លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ ថា បានឃុបឃិតជាមួយនឹងឈ្មួញ លក់ដីរបស់រដ្ឋនិងព្រៃលិចទឹកទំហំជាង១០០ហិកតា ។

នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ លោក អែម ណុយ មេឃុំភ្នំលៀប ទើបត្រូវបានតុលាការខេត្តបន្ទាយមានជ័យ សម្រេចឃុំខ្លួនដាក់ពន្ធនាគាររួចហើយ ពាក់ព័ន្ធទៅនឹងបទល្មើសកាប់ឆ្ការគាស់រានឈូសឆាយហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹកនៅតំបន់៣នេះ ។

នៅពេលនេះ មជ្ឈដ្ឋានជាច្រើនកំពុងទន្ទឹងរង់ចាំមើលថា «តើជោគវាសនារបស់ លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ នឹងទៅជាយ៉ាងណាឬក៏មានវាសនាដូចគ្នា នឹងលោកមេឃុំភ្នំលៀប ដែលត្រូវបានតុលាការសម្រេច ខ្លួនដាក់ពន្ធនាគាររួចហើយ»៕

 

អត្ថបទដែលជាប់ទាក់ទង