ខេត្តសៀមរាប ត្រៀមអភិវឌ្ឍកំពង់ផែចុងឃ្នៀស ដើម្បីប្រែក្លាយទៅជាតំបន់ទេសចរណ៍ដ៍ទាក់ទាញ
អភិបាលខេត្តសៀមរាប លោក ទៀ សីហា នៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទីតាំងកំពង់ផែចុងឃ្នៀស ដើម្បីត្រៀមរៀបចំ និងអភិវឌ្ឍន៍កំពង់ផែមួយនេះ ឱ្យប្រែក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៍ដែលមានភាពទាក់ទាញបំផុត។
រាជរដ្ឋាភិបាល បានសម្រេចលុបចោលនូវគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ចុងឃ្នៀសរបស់ក្រុមហ៊ុន ស៊ូ ជីង និងដកហូតទីតាំងវិនិយោគទាំងស្រុងរបស់ក្រុមហ៊ុនមួយនេះ កាលពីដំណាច់ខែពីដំណាច់ខែកក្កដា ឆ្នាំមុន។
លោក ទៀ សីហា បានណែនាំដល់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសៀមរាប និងក្រុមការងារប្រចាំការនៅទីតាំងកំពង់ផែ ដែលបានដកហូតកន្លងមកនោះ ត្រូវយកចិត្តទុកដាក់ និងពង្រឹងលើការរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយទូទៅ និងដោះស្រាយបញ្ហានានា ដើម្បីសម្រួលដល់ដំណើរការជាប្រក្រតី ជូនប្រជាពលរដ្ឋដែលកំពុងប្រកបរបរនៅក្នុងទីតាំង និងសមាគមកាណូតដឹកភ្ញៀវឱ្យដំណើរការជាធម្មតារហូតដល់មានការសម្រេចសារជាថ្មី ពីគណៈកម្មការអន្តរក្រសួង។
អភិបាលខេត្តសៀមរាប លោក ទៀ សីហា ក៏បានណែនាំដល់ក្រុមការងារចម្រុះ យើងត្រូវធ្វើយ៉ាងណាដើម្បីឲ្យទីនេះប្រែក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៍ដែលមានភាពទាក់ទាញបំផុត។
យន្តការក្នុងការគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែចុងឃ្នៀសនេះ គឺគ្រប់គ្រងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារគ្រប់គ្រងអនាម័យបរិស្ថាន ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌនិងអតីតបុគ្គលិកក្រុមហ៊ុន ការផ្គត់ផ្គង់អគ្គីសនីនិងទឹក គ្រោងការចំណាយផ្សេងៗ និងការបង្កើតលេខាធិកាដ្ឋាន ដើម្បីជាសេនាធិការរបស់គណៈកម្មការចម្រុះ ដែលមានឯកឧត្ដមអភិបាលខេត្តជាប្រធាន៕