ខ្មាន់កាំភ្លើងបាញ់នាយករដ្ឋមន្ត្រី លីប៊ី ក្នុងរថយន្ត មុនថ្ងៃបោះឆ្នោត

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារលើក្បួនរថយន្តរបស់នាយករដ្ឋមន្ត្រីលីប៊ីលោក Abdulhamid Dbeibah នៅក្នុងរដ្ឋធានីទ្រីប៉ូលី មុនពេលការបោះឆ្នោតដើម្បីរកអ្នកជំនួសគាត់ ។
ប្រភពបានប្រាប់ Al Jazeera ថា ការវាយប្រហារនេះបានកើតឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈដែលមេដឹកនាំបណ្តោះអាសន្នរូបនេះកំពុងត្រឡប់ទៅផ្ទះវិញ ។ គ្រាប់​កាំភ្លើង​មួយ​គ្រាប់​បាន​បាញ់​ចូល​កញ្ចក់​រថយន្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី ប៉ុន្តែ​គាត់ ​និង​អ្នក​បើក​បរ​បាន​គេច​ខ្លួន​ដោយ​គ្មាន​របួស ។

ប្រភពរបស់ Al Jazeera បាននិយាយថា គ្រាប់កាំភ្លើងត្រូវបានបាញ់ចេញពីអាវុធធុនស្រាល ហើយអគ្គរដ្ឋអាជ្ញាលីប៊ីដែលកំពុងបើកការស៊ើបអង្កេតលើការវាយប្រហារនេះបាននិយាយថា វាគឺជាការប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រី ។
ការវាយប្រហារនេះកើតឡើង ចំពេលដែលមានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងជុំវិញការគ្រប់គ្រងរបស់រដ្ឋាភិបាលរបស់លោក Dbeibah ដែលត្រូវបានតែងតាំងជាមេដឹកនាំបណ្តោះអាសន្នកាលពីឆ្នាំមុន ។

គួរបញ្ជាក់ថា ប្រទេសលីប៊ីមានសន្តិភាព ឬភាពនឹងនរតិចតួចណាស់ ចាប់តាំងពីការបះបោរដែលគាំទ្រដោយអង្គការណាតូប្រឆាំងនឹងអតីតមេដឹកនាំលោក Muammar Gaddafi នៅក្នុងឆ្នាំ ២០១១ ខណៈក្នុងឆ្នាំ ២០១៤ ប្រទេសនេះបានបែកបាក់គ្នារវាងបក្សពួកនិយមនៅភាគខាងកើត និងខាងលិច ៕

អត្ថបទដែលជាប់ទាក់ទង