សម្តេច «ស ខេង» ស្នើឱ្យត្រួត ពិនិត្យសារធាតុញៀនចំពោះអ្នកបើកបររថយន្តធុនធំ.!
(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបរោមនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើឱ្យមន្ត្រីពាក់ព័ន្ធ ត្រូវត្រួតពិនិត្យសារធាតុញៀនចំពោះអ្នកបើកបររថយន្តធុនធំ ដើម្បីមានវិធានការតាមច្បាប់។
សម្តេចក្រឡាហោម មានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជាអធីបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធ
ផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ
២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។
សម្ដេចក្រឡាហោម បានអះអាងថា ៖ «អ្នកបើកបររថយន្តធុនធំមួយចំនួននៅតាមក្រុមហ៊ុនប្រើប្រាស់នូវសាធាតុញៀន។ ហេតុដូច្នេះ សូមឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ធ្វើការត្រួតពិនិត្យ ទន្ទឹមនឹងនេះ ក្រុមហ៊ុនដឹកជញ្ជូនឯកជនទាំងអស់ ឬស្ថាប័នពាក់ព័ន្ធត្រូវសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសនោះ គឺអគ្គស្នងការដ្ឋានគបាលជាតិ ដើម្បីធ្វើការពិនិត្យអ្នកបើកបរទាំងអស់នោះ»។
សម្តេចក្រឡាហោម បានបន្តថា អ្នកបើកបរមិនតិចទេដែលពាក់ព័ន្ធនឹងគ្រឿងញៀន។ ហេតុនេះ ត្រូវរៀបចំបែបបទនីតិវិធី ដើម្បីធ្វើការត្រួតពិនិត្យ មានកិច្ចសហការរវាងសមត្ថកិច្ចជាមួយវិស័យឯកជន ពិសេស ក្រុមហ៊ុនដឹកជញ្ជូន ព្រមទាំង ត្រូវរកវិធីដោះស្រាយ ដែលនេះជាបញ្ហាត្រូវតែយកចិត្តទុកដាក់។
ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះដែរ សម្តេចក្រឡាហោម បានសម្តែងក្តីព្រួយបារម្ភពីបញ្ហាសុខភាពសាធារណៈពាក់ព័ន្ធនឹងគ្រឿងញៀនដែលនឹងផ្តល់ការលំបាកកាន់តែខ្លាំង ព្រោះថា ក្នុងចំណោមអ្នកជាប់ពន្ធនាគារប្រមាណ ៣៨ ០០០នាក់ មានជាង២០ ០០០នាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន។
សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា បច្ចុប្បន្ន ពន្ធនាគារជួបបញ្ហាណែនចង្អៀត ដោយសារតែ៥៤,៥២ភាគរយ ក្នុងចំណោមអ្នកជាប់ឃុំ ជាអ្នកដែលពាក់ព័ន្ធគ្រឿងញៀន៕