រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំដល់ប្រជាកសិករទាំងអស់ មុននឹងសម្រេចចិត្តដាំដុះដំណាំ ត្រូវពិនិត្យមើលប្រភពទឹក និងជ្រើសរើសពូជដំណាំឱ្យបានត្រឹមត្រូវជាមុនសិន
រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំដល់ប្រជាកសិករទាំងអស់ មុននឹងសម្រេចចិត្តដាំដុះដំណាំ ត្រូវពិនិត្យ មើលប្រភពទឹក និងជ្រើសរើសពូជដំណាំឱ្យបានត្រឹមត្រូវជាមុនសិន ដើម្បីជួយកាត់បន្ថយការចំណាយថ្លៃដើមផលិតខ្ពស់ ហើយ ចំណេញពេលវេលា ដែលអាចពង្រីកទំហំផលិតកម្ម ជាពិសេសបង្កើនប្រាក់ចំណូលក្នុងក្រុមគ្រួសារឱ្យកាន់តែប្រសើរឡើង ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា វិស័យកសិកម្ម គឺកសិករពឹងផ្អែកមួយផ្នែកធំ ទៅលើទឹកស្រោចស្រព ដូច្នេះបើមិនមានទឹកប្រើប្រាស់គ្រប់គ្រាន់នោះទេ ការដាំដុះក៏មិនទទួលបានផ្លែផ្កាល្អប្រសើរនោះដែរ ។
ឯកឧត្តម បានបន្តថា ក្នុងអំឡុងពេលរដូវប្រាំងចូលមកដល់នេះ ដើម្បីទប់ទល់ជាមួយនឹងអាកាសធាតុក្ដៅនិងការរាំងស្ងួត កសិករ ដែលប្រកបរបរដាំដំណាំកសិកម្មទាំងអស់ គួរជ្រើសរើសពូជដំណាំកសិផល ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ឆាប់ទទួលបាន ផ្លែផ្កា ជាពិសេសទទួលបានទន្និផលខ្ពស់ និងត្រូវព្យាយាមបង្កបង្កើនផលដំណាំនៅជិតប្រភពទឹក ដើម្បីងាយស្រួល ក្នុងការ ស្រោចស្រព ។
សំឡេង ៖ « វិធីសាស្រ្ដផ្ទាល់គឺពលរដ្ឋដឹងហើយថា ឆ្នាំនេះត្រូវធ្វើអី ធ្វើអី អាស្រ័យលើទីផ្សារ គឺយើងអត់មានវិធានការ ធ្វើស្រូវរយៈពេល១ខែអីបានទេ ត្រូវតែ៣ខែ ឬក៏១០៥ថ្ងៃអី អត់មានអីផ្លាស់ប្ដូរទៀតទេ ជាទម្លាប់របស់គាត់ ប៉ុន្ដែគ្រាន់តែជារួម យើងត្រូវមានម្ចាស់ការមុនធ្វើអី ត្រូវមើលប្រភពទឹក ហើយទាក់ទងក្រសួងធនធានទឹកឱ្យបានច្បាស់ »។
ឯកឧត្ដម វេង សាខុន ក៏បានបញ្ជាក់បន្ថែមថា ក្រសួងកសិកម្មនឹងបន្ដចុះជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អំពីរបៀប នៃការដាំដុះ ក៏ដូចជាការជ្រើសរើសពូជសម្រាប់ការដាំដុះរបស់ប្រជាកសិករផងដែរ ដើម្បីឱ្យកសិករទទួលបានផលចំណេញច្រើន ដែលជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម កាលពីពេលថ្មីនេះ ស្តីពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង (២០២១-២០២២) និងដើមរដូវវស្សា ឆ្នាំ ២០២២ បានឱ្យដឹងថា ទោះបីនៅក្នុងរដូវប្រាំង និងដើមរដូវវស្សា អាចនឹងមានភ្លៀងកក់ខែច្រើន តែបរិមាណទឹកភ្លៀងដែលធ្លាក់មក មិនទាន់សមល្មមក្នុងការប្រើប្រាស់ ឆ្លើយតបតាមតម្រូវការ ភ្លាមៗនោះទេ ហេតុដូចនេះ សូមប្រជាពលរដ្ឋទាំងអស់ បន្តរក្សានិងប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសបណ្តាតំបន់ជនបទ ដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក ខណៈដែលចាប់ពីខែកុម្ភៈទៅ គឺបណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាល មានសីតុណ្ហភាព អប្បបរមា អាចស្ថិតនៅក្នុងរង្វង់ពី២១ ទៅ២៤អង្សារសេ ហើយសម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាអាចស្ថិត ក្នុងរង្វង់ពី២០ទៅ ២៣អង្សារសេ ៕