ឆ្នាំ២០២២នេះ គឺជាឆ្នាំប្រតិបត្តិការរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវមានភាពប្រាកដនិយម និងការទទួលខុសត្រូវខ្ពស់បំផុត
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មា ធិការជាតិ CAMSOC បានឱ្យដឹងថា ឆ្នាំ២០២២នេះ គឺជាឆ្នាំប្រតិបត្តិការរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដែលទាមទារឱ្យគ្រប់ភាគី ពាក់ព័ន្ធ ត្រូវមានភាពប្រាកដនិយម និងការទទួលខុសត្រូវខ្ពស់បំផុត ដើម្បីធ្វើឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់ជាតិ ទទួលបាន ជោគជ័យ ។ ក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២-២០២៣ និងសិក្ខាសាលាថ្នាក់ជាតិស្ដីពី អភិបាលកិច្ចល្អ នៃការគ្រប់គ្រងព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ នាសណ្ឋាគារសុខា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC បាន វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២១ កន្លងទៅ ទោះបីមាន ឧបសគ្គមួយចំនួន ដោយសារជំងឺរាតត្បាតជាសកលកូវីដ-១៩ ក៏ដោយ ។ឯកឧត្តមបញ្ជាក់ថា ចំពោះឆ្នាំ២០២២ គឺជាឆ្នាំប្រតិបត្តិការ រៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដូច្នេះសម្ដេចទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវមានភាពប្រាកដនិយម និងការទទួល ខុសត្រូវខ្ពស់បំផុត ចំពោះតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ។ សម្ដេចពិជ័យសេនា បានបន្តថា សម្តេចមានជំនឿចិត្តយ៉ាងមុតមាំថា ឆ្លងកាត់សន្និបាត និងសិក្ខាសាលាថ្ងៃនេះ នឹងស្វែងរកគន្លឹះ ការងារសំខាន់ៗបន្ថែមទៀត ដែលជាធាតុចូលដ៏មានសារសំខាន់ និងផ្ដល់នូវប្រសិទ្ធភាពការងារគ្រប់ជ្រុងជ្រោយ របស់គណៈកម្មាធិការជាតិ CAMSOC បន្ដទៀត ។ ទិសដៅឆ្នាំ២០២២ ជាឆ្នាំប្រតិបត្តិការរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម របស់យើង ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវមានភាពប្រាកដនិយម ទទួលខុសត្រូវខ្ពស់បំផុត ចំពោះមុខ CAMSOC ចំពោះមុខរាជរដ្ឋាភិបាល និងចំពោះមុខសហព័ន្ធក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសំណូមពរឱ្យថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័ន អង្គការកីឡា និងសហព័ន្ធកីឡាជាតិ ដែលចូលរួមសន្និបាត និងសិក្ខាសាលានេះ ត្រូវផ្ដោតការយកចិត្តទុកដាក់ និងយកបទពិសោធន៍ល្អៗ ធ្វើការផ្លាស់ប្ដូរឱ្យបាន ផុសផុលបំផុត ដើម្បីប្រមូលនូវធាតុចូលសំខាន់ពីគ្រប់ជំនាញពាក់ព័ន្ធមកសម្រួចផែនការការងារ និងការអនុវត្តន៍ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ក្នុងការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ៕