ឯកឧត្ដម ហ៊ុន ម៉ានី៖ ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា ជំនួយវ៉ាក់សាំងកូវីដ-១៩ របស់ចិន គឺជាសក្ខីភាពនៃចំណងមិត្តភាពយូរអង្វែង
TNM(ភ្នំពេញ)៖ ឯកឧត្ដម ហ៊ុន ម៉ានី តំណាងរាស្រ្តវ័យក្មេងរបស់គណបក្សប្រជាជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា ជំនួយជាវ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ចិនគឺជាសក្ខីភាព នៃចំណងមិត្តភាពយូរអង្វែង និងស៊ីជម្រៅលើស ពីកម្រិតយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។
ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ថា «វ៉ាក់សាំង SARS-Cov-2 ដែលផលិតដោយក្រុមហ៊ុន China National Pharmaceutical Group Co. Ltd. (SINOPHARM) នៃសាធារណរដ្ឋប្រជាមានិតចិន គឺជាប្រភេទវ៉ាក់សាំងដែលផលិតចេញពីគម្រូវីរុសដែលខ្សោយ និងដកចេញសារធាតុបង្កររោគ ដែលត្រូវចាក់ចូលក្នុងខ្លួនដើម្បីឱ្យប្រព័ន្ធភាពស៊ាំអាចបង្កើតអង្គបដិបក្ខដើម្បីប្រឆាំងមេរោគ។ មកដល់ពេលនេះ វ៉ាក់សាំងប្រភេទនេះត្រូវបានធ្វើតេស្តិ៍សាកល្បងចប់ដំណាក់កាលទី៣ ដែលត្រូវបានធ្វើលើអ្នកស្ម័គ្រចិត្តចំនួន ៦០.០០០ នាក់ មានសញ្ជាតិ១២៥ផ្សេងគ្នា។ គិតមកត្រឹមថ្ងៃនេះ វ៉ាក់សាំងរបស់ SINOPHARM ត្រូវបានទីភ្នាក់ងារវេជ្ជសាស្រ្ត និងឱសថជាតិរបស់ចិន អនុញ្ញាតឱ្យប្រើប្រាស់ក្រោមលក្ខខ័ណ្ឌហើយ»។
ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរលើកឡើងថា «បើទោះជាមានអ្នកខ្លះ នៅព្រឹកនេះ មិនទាន់មានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការទទួលបានការអនុញ្ញាតឲ្យចាក់ក៏ដោយ ថ្នាក់ដឹកនាំមួយចំនួនរបស់យើង បានក្លាយជាអ្នកស្ម័គ្រចិត្តដំបូងដែលទទួលវ៉ាក់សាំងនេះ។ ការទទួលវ៉ាក់សាំងនេះ គឺជាការបញ្ជាក់ពីប្រសិទ្ធភាព និងជំនឿជាក់លើវ៉ាក់សាំងរបស់មិត្តចិន ដែលត្រូវបានស្រាវជ្រាវ ផលិត និងធ្វើតេស្តិ៍ប្រកបលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាផលិតផលអាចចរាចរបាន»។
បើតាមឯកឧត្ដម ហ៊ុន ម៉ានី «ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា ជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនគឺជាសក្ខីភាព នៃចំណងមិត្តភាពយូរអង្វែង និងស៊ីជម្រៅលើសពីកម្រិតយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ យើងសូមស្វាគមន៍ និងអបអរសាទរសមិទ្ធផល នៃទំនាក់ទំនងស្អិតរមួតរវាងប្រទេសយើងទាំង២ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសណ្តានចិត្ត និងបេះដូងមនុស្សធម៌របស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចំពោះការបរិច្ចាគ និងចែករំលែកនូវទំនិញយុទ្ធសាស្រ្ត ដ៏មានសារៈសំខាន់ដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា»៕