ក្មេងស្ទាវមួយក្រុមដេញកាប់ចាក់គ្នាព្រោះរឿងគំនុំចាស់បំណងផ្តាច់ជីវិតជនរងគ្រោះអាវុធហត្ថខេត្តឃាត់ខ្លួនបានចំនួន៥នាក់
ខេត្តស្ទឹងត្រែងៈ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បង្ក្រាបករណីក្រុមក្មេងទំនើងដេញកាប់ចាក់គ្នាប៉ុនប៉ងឃាតកម្ម និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន ៥នាក់ កាលពីថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២២ ចំណុចភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង ដឹកនាំដោយលោក នៅ យូណារិទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ចុះបង្ក្រាបករណីខាងលើ រួចក៏ចាប់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ នៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២២ ចាប់ខ្លួន២នាក់ដកយកម៉ូតូ២គ្រឿង។ ហើយនៅថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២២ ចាប់ខ្លួនបាន៣នាក់ទៀត និងធ្វើការឆែកឆេរលំនៅឋានមួយកន្លែង ចាប់យកវត្ថុតាងបានរួមមាន ដាវចំនួន៣ ដើមកាំបិតតាំងតោ៣ ដំបងឫស្សី១ សោម៉ូតូ១ កំបាំងកម៉ូតូ១ និងមធ្យោបាយម៉ូតូចំនួន៤គ្រឿង។ រឿងកើតហេតុខាងលើនេះកាលពីថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២២ នៅវេលាម៉ោង៩និង៣០នាទី ត្រង់ចំណុចផ្លូវចូលតាដុងតាដាំ ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រុមជនសង្ស័យខាងលើបានយកកាំបិត និងដាវ ដែលជាវត្ថុតាងខាងលើនោះ ទៅធ្វើសកម្មភាពដេញកាប់ទៅលើជនរងគ្រោះមានឈ្មោះខ្លា សុខលីន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករជាជ័រកៅស៊ូ មានទីលំនៅភូមិអូរកណ្តៀរ ឃុំអូរកណ្តៀរ ស្រុកសំបូរ ខេត្តក្រចេះ បណ្តាលឱ្យរងរបួសដៃស្តាំជាទម្ងន់(កុំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង)បន្តទៅកាប់ម៉ូតូរបស់ជនរងគ្រោះ១គ្រឿងទៀត បែកបាក់ជាច្រើនកន្លែង ខណ:ពេលជនរងគ្រោះកំពុងរត់ ស្រែកឱ្យគេមកជួយ។ ករណីក្នុងរឿងនេះដែលមូលហេតុដែលបណ្តាលកាប់ទៅលើជនរងគ្រោះគឺមានគំនុំចាស់ជាមួយនឹងគ្នា។
ចំណែកមួយករណីទៀត កើតហេតុនៅវេលាម៉ោង១៨និង៤០នាទី ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចទល់មុខសណ្ឋាគាររស្មីពេជ្រស្ថិតក្នុងភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងជនង្ស័យខាងលើបានយកដាវ និងកាំបិតជិះម៉ូតូ១គ្រឿងដេញកាប់ជនរងគ្រោះ ដែលកំពុងជិះម៉ូតូមានគ្នា២នាក់ គឺមានឈ្មោះ
ទី១-ឈ្មោះណុប ចាន់សុភ័ក្ត្រា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ទី២-ឈ្មោះឡាំ សំណាង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិ-សង្កាត់ជាមួយគ្នាខាងលើ។
រីឯជនសង្ស័យបានដេញកាប់មកដល់កន្លែងកើតហេតុ ជនរងគ្រោះទាំង២នាក់ខាងលើបានផ្តួលម៉ូតូទុកចោល រួចក៏រត់កាត់វាលស្រែទាំងយប់ ។ខណៈពេលនោះជនសង្ស័យបានកាប់ម៉ូតូជនរងគ្រោះបណ្តាលឲ្យបែកបាក់ជាច្រើនកន្លែង (មូលហេតុនៃរឿងគឺមានគំនុំជាមួយគ្នានេះបើតាមចម្លើយសារភាពរបស់ជនសង្ស័យ)
ក្រោយពេលបានប្រព្រឹត្តបទល្មើសរួចបន្តិចក្រោយមកអណាព្យាបាលរបស់ជនរងគ្រោះនិងមានសាក្សីបានរាយការណ៍ព្រមទាំងប្រាប់អត្តសញ្ញាណរបស់ជនសង្ស័យមួយចំនួនមកដល់សមត្ថកិច្ច ភ្លាមៗនោះកម្លាំងសមត្ថកិច្ចអាវុធហត្ថ បានតាមស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យខាងលើបានជាបន្តបន្ទាប់នាំមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងកំពុងឃាត់និងរក្សាទុកក្នុងអង្គភាពអាវុធហត្ថខេត្ត ដើម្បីឱ្យការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅកាន់តុលាការខេត្តចាត់ការតាមនីតិវិធី៕