តើបទល្មើសអ្វីខ្លះដែល វៀតណាម កាត់ទោសប្រហារជីវិត?

ការប្រើទោសប្រហារជីវិត មានជាញឹកញាប់ នៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម
ហើយការដាក់ទណ្ឌកម្ម ត្រូវបានអនុវត្ត សម្រាប់បទល្មើសចំនួន ២២ ។
បទល្មើសទាំង២២នោះរួមមាន ឃាតកម្ម ប្លន់ប្រដាប់អាវុធ ការជួញដូរគ្រឿងញៀន ការចាប់រំលោភ ការរំលោភបំពានផ្លូវភេទលើកុមារ និងឧក្រិដ្ឋកម្មសេដ្ឋកិច្ច ជាច្រើនទៀតដូចជា អំពើពុករលួយ ការក្លែងបន្លំ និងការកេងប្រវ័ញ្ច ក៏ដូជាការផលិត និងការជួញដូរ ដោយខុសច្បាប់នូវចំណីអាហារ គ្រឿងឧបភោគបរិភោគ និងថ្នាំពេទ្យជាដើម ។
ចំណែកសកម្មភាពនយោបាយ ចំនួន៧ ដែលត្រូវបានគេយល់ថាជា “ការគំរាមកំហែងប្រឆាំងនឹងសន្តិសុខជាតិ” ក៏ត្រូវអនុវត្តទោសប្រហារជីវិតផងដែរ ។
ទន្ទឹមនោះ ការដាក់ទោសប្រហារជីវិត ជាចម្បងដែលត្រូវបានគេ ប្រើជាញឹកញាប់បំផុតគឺបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន បន្ទាប់មក គឺអំពើពុករលួយ ទីផ្សារងងឹត និងឧក្រិដ្ឋកម្មហិង្សា ។
គួរបញ្ជាក់ថា វៀតណាមមានច្បាប់ប្រឆាំងគ្រឿងញៀនធ្ងន់ធ្ងរបំផុតក្នុងពិភពលោក ។ ច្បាប់ឆ្នាំ ១៩៩៧ បានកំណត់ការកាន់កាប់ ឬការរត់ពន្ធហេរ៉ូអ៊ីន ១០០ ក្រាម ឬច្រើនជាងនេះ ឬអាភៀន ៥ គីឡូក្រាមឡើងក៏ត្រូវផ្តន្ទាទោសប្រហារជីវិតផងដែរ .
ដោយឡែកប្រទេសកម្ពុជា មិនមានការកាត់ទោសប្រហារជីវិតទេ នេះបើយោងតាមច្បាប់រដ្ខធម្មនុញ្ញជំពូកទី៣ អំពីសិទ្ធិយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងមាត្រា៣១និង៣២ បានចែងដូច្នេះថា ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន។ទោសប្រហារជីវិតមិនត្រូវអោយមានឡើយ។

អត្ថបទដែលជាប់ទាក់ទង