អគ្គនាយកសហព័ន្ធសន្តិភាពសកលអបអរសាទរ ចំពោះទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយចាត់ទុកថាមានទស្សនៈសន្តិភាព

លោក បណ្ឌិត យុន យុងហូ អគ្គនាយកនៃអង្គការសហព័ន្ធសន្តិភាពសកល(UPF) បានសម្ដែងនូវការអបអរសាទរ និងបានបង្ហាញការគាំទ្រអំពីទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់មីយ៉ាន់ម៉ា ជាពិសេសចាត់ទុកសម្តេចតេជោ ថាមានទស្សនៈសន្តិភាព។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យជាមួយ លោក បណ្ឌិត យុន យុងហូ អគ្គនាយកនៃអង្គការសហព័ន្ធសន្តិភាពសកល ចួបសម្ដែងការគួរសម និងពិភាក្សាការងារ តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។

នៅក្នុងជំនួបនោះពិភក្សានោះ គឺបានផ្ដោតជាសំខាន់ទៅលើការត្រៀមរៀបចំកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ស្ដីពីសន្តិភាពនៅឧបទ្វីបកូរ៉េ។ ឯកឧត្ដមបានឱ្យដឹងដែរថា ដោយសារសម្ដេចនាយករដ្ឋមន្ត្រី ជាសហប្រធាននៃគណៈកម្មការរៀបចំនៃកិច្ចប្រជុំកំពូលពិភពលោកនេះ លោក បណ្ឌិត យុន យុងហូ បានរាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី អំពីការរៀបចំកិច្ចប្រជុំនេះ និងធ្វើឡើងនៅខែកុម្ភៈខាងមុខ ហើយនៅក្នុងគណៈកម្មការនេះ ក៏មានឯកឧត្ដម បាន គីមមូន ដែលជាអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏អញ្ជើញចូលរួមផងដែរ។

លោកក៏បានរាយការណ៍ជូនសម្ដេចតេជោផងដែរ ជាពិសេសការងារទាំងឡាយដែលត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ស្ដីពីសន្តិភាពនៅឧបទ្វីបកូរ៉េនេះថា គឺអ្វីៗបានត្រៀមលក្ខណៈរួចរាល់អស់ហើយ ជាពិសេសនឹងមានការចូលរួមជាច្រើនពីប្រទេសនានានៅលើពិភពលោក ចំនួនប្រមាណ ១៥៧ប្រទេស និងបណ្ដាស្ថានទូតដែលប្រចាំនៅប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង ព្រមទាំងអ្នកចូលរួមប្រមាណ២០ម៉ឺននាក់ ទាំងអ្នកចូលរួមផ្ទាល់ នឹងតាមប្រព័ន្អអនឡាញ។ ក្រៅពីនេះក៏មានការចូលរួមពីបណ្ដាញនៃប្រព័ន្ធផ្សព្វផ្សាយ ប្រមាណ ៣ ៥០០ ដែលចូលផ្សព្វផ្សាយនៅថ្ងៃក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ស្ដីពីសន្តិភាពនៅឧបទ្វីបកូរ៉េនេះ។ លោកក៏បានស្នើសុំសម្ដេចតេជោ ដើម្បីអញ្ជើញលោកជំទាវ ឃួន សុដារី ចូលរួមធ្វើជាសហប្រធាននៅក្នុងគណៈកម្មការប្រតិបត្តិការរៀបចំ ហើយសម្ដេចតេជោក៏បានឯកភាពផងដែរចំពោះការស្នើសុំនេះ។

លោក បណ្ឌិត យុន យុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកល ក៏បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា អង្គការសហព័ន្ធសន្តិភាពសកល (UPF) សូមវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានកាន់ជាប្រធានអាស៊ានឆ្នាំ២០២២ ហើយក៏ស្វាគមន៍ និងអបអរសាទរចំពោះទស្សនកិច្ចការងាររបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលចាត់ទុកថា ជាទស្សនកិច្ចសន្តិភាព។

លោកបណ្ឌិតក៏សូមស្វាគមន៍ និងអបអរសាទនៃសមិទ្ធផលជោគជ័យពាក់ព័ន្ធទៅនឹងការជំរុញបទឈប់បាញ់រហូតដល់ចុងឆ្នាំ ២០២២ នៅមីយ៉ាន់ម៉ា ការគាំទ្រប្រេសិតពិសេសប្រធានអាស៊ានដើម្បីមានលទ្ធភាពក្នុងការជួបជាមួយភាគីពាក់ព័ន្ធនៅប្រទេសមីយ៉ាន់ម៉ា និងអំពីការផ្ដល់ជំនួយមនុស្សធម៌ ដែលការងារនេះ អាចចាត់ទុកថា ជាផ្លែផ្កានៃដំណើរអញ្ជើញរបស់សម្តេចតេជោ ទៅកាន់មីយ៉ាន់ម៉ា។

លោកបណ្ឌិតអគ្គនាយកសហព័ន្ធសន្តិភាពសកល ក៏បានគាំទ្រសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលមានទស្សនៈនូវសន្តិភាព។ លោកបណ្ឌិត អគ្គនាយកសហព័ន្ធសន្តិភាពសកល ក្នុងនាមលោកស្រី ហាក់ ចាហាន់ បួន (Hak Ja Han Moon) សហស្ថាបនិកសហព័ន្ធសន្តិភាពសកលក៏បានអញ្ជើញសម្ដេចតេជោ ក្នុងការចូលរួមកម្មវិធីផ្ទាល់នៅថ្ងៃទី ១២ និង១៣ ខែកុម្ភៈខាមុខ ហើយសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានឯកភាពទទួល នៃការអញ្ជើញចូលរួមនេះ។ ជាមួយគ្នានេះ លោកបណ្ឌិតក៏បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន អំពីគំនិតផ្តួចផ្តើមរៀបចំសួនមេគង្គសន្តិភាព ឱ្យមាននៅក្នុងប្រទេសកម្ពុជា ជាគំនិតផ្ដួចផ្ដើមមួយដ៏សំខាន់ក្នុងការជំរុញឱ្យតំបន់មេគង្គមានសន្តិភាព។ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់អនុសាសន៍ពាក់ព័ន្ធអំពីកិច្ចប្រជុំកំពូលស្តីពីសន្តិភាព ជាពិសេសនៅឧបទ្វីបកូរ៉េ ដោយសម្ដេចបានគូសបញ្ជាក់ អំពីទស្សនទានរបស់អាស៊ាន ស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក ហើយត្រូវមានគោលការណ៍៣នៅក្នុងការងារ។ គោលការណ៍៣យ៉ាងដែលត្រូវបានគាំទ្រ គឺទីមួយ ក្នុងក្របខ័ណ្ឌឥណ្ឌូប៉ាស៊ីហ្វិក ត្រូវតែមានគោលដៅគាំទ្រសន្តិភាព និងការអភិវឌ្ឍ។ ទីពីរ មិនត្រូវប្រឆាំងនឹងក្រុមណា ឬប្រទេសណាឡើយ និងទីបី គឺត្រូវតែគាំទ្រអាស៊ាន និងទស្សនទានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក។

គួរម្លឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានទទួលបានមេដាយមាសសន្តិភាពពិភពលោក World Summit Peace ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្តីពី «សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក»៕

អត្ថបទដែលជាប់ទាក់ទង