រថយន្តបែនដឹកដីខ្នាតធំពាក់ផ្លាកលេខខមបើកបុកគូទគោយន្តកន្ត្រៃប៉ើងធ្លាក់ចិញ្ចើមផ្លូវស្លាប់ម្នាក់រងរបួសស្រាលធ្ងន់ 2 នាក់

ខេត្តស្ទឹងត្រែងៈ រថយន្តបែនដឹកដីមួយគ្រឿងខ្នាតធំពាក់ស្លាកលេខ ខ ម បានបើកបរទៅបុកគូទចំពីក្រោយគោយន្តកន្ត្រៃ ដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើអុសនៅលើផ្លូវជាតិលេខ 7 ខណៈបើកបរក្នុងទិសដៅស្របទិសគ្នា ដោយគោយន្តត្រៃបានប៉ើងធ្លាក់ពីលើចិញ្ចើមផ្លូវចូលក្នុងព្រៃ បណ្ដាលឱ្យយុវជនម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងនិងរងរបួសធ្ងន់ស្រាលចំនួន02 ហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង 17និង 25នាទីល្ងាចថ្ងៃទី 10 ខែមករា ឆ្នាំ 2022 ស្ថិតនៅលើកំណត់លេខជាតិលេខ7 អាស៊ានកម្ពុជាឡាវ នៅក្នុងភូមិគីឡូលេខ 8 សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី1ឈ្មោះ ឌឿន បែនអាយុ 14 ឆ្នាំ បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ជនរងគ្រោះទី 2 ឈ្មោះ ផាន់ ឌឿន អាយុ 25 ឆ្នាំមុខរបរកសិកររងរបួសធ្ងន់និងជនរងគ្រោះទី 3 ឈ្មោះសន ឆក អាយុ 35 ឆ្នាំមានមុខរបរកសិកររងរបួសស្រាលរស់នៅចំណុចស្រែតាប៉ាន ភូមិគីឡូលេខ 8 សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា រថយន្តបែនដឹកដីដែលមានផ្លាកលេខ ខ ម 3. 2210 ពណ៌ត្រេអ៊ី និងគោយន្តកន្ត្រៃបានបើកបរនៅលើផ្លូវជាតិលេខ 7 ដោយបើកបរមានទិសដៅស្របគ្នា ធ្វើដំណើរពីទិសកើតទៅលិច លុះបើកមកដល់ចំណុចកើតហេតុខាងលើ រថយន្តបែនដឹកដីបានបើកបុកគូទគោយន្តកន្ត្រៃចំពីក្រោយពេញទំហឹង បណ្ដាលឲ្យគោយន្តធ្លាក់ចេញពីផ្លូវចូលក្នុងព្រៃ ជ្រុះអុសរាយប៉ាយពេញផ្លូវ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ភ្លាមៗនៅកន្លែងនិងរងរបួសធ្ងន់ស្រាល 2នាក់ចំណែករថយន្តខូចខាតផ្នែកខាងក្បាលតែប៉ុណ្ណោះ រីឯតៃកុងឡានបានរត់គេចខ្លួនបាត់ស្រមោល។ ក្រោយពេលកើតហេតុប្រជាពលរដ្ឋបាននាំជនរងគ្រោះដែលរងរបួសធ្ងន់និងស្រាលទៅកាន់គ្លីនិកឯកជននៅភូមិគីឡូលេខ 8ដើម្បីជួយសង្គ្រោះ ដោយឡែកសាកសពរបស់យុវជនដែលបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់ខាងលើនោះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្នកម្លាំងប៉ូលីសចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានធ្វើការវាស់វែងបាញ់គំនូស ដោយនាំយករថយន្តបែនដឹកដីខ្នាតធំរួមនិងគោយន្តកន្ត្រៃទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយតាមនីតិវិធីច្បាប់។ ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថាយន្តបែនដឹកដីខ្នាតធំដែលបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះជារបស់ម្ចាស់ឈ្មោះដា ជាកូនរបស់លោកដែន ភារម្យ (ហៅឡុំ) សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង ដោយរថយន្តនេះបានដឹកដីធ្វើផ្លូវ ចូលទៅភូមិហ៊ានខូបានស្ថិតនៅក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។ (ដោយសហការី tnm ស្ទឹងត្រែង)
អត្ថបទដែលជាប់ទាក់ទង