ប៉ូលីសសេដ្ឋកិច្ចខេត្តចុះពិនិត្យកន្លែងទីតាំងដាក់លក់ម៉ូតូគ្មានពន្ធជាង10កន្លែង នៅក្នុងក្រុងស្ទឹងត្រែង
ខេត្តសឹ្ទងត្រែងៈ នាព្រឹកថ្ងៃទី6 ខែមករា ឆ្នាំ2022នេះ កម្លាំងសមត្ថកិច្ចនគរបាលនៃការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង ដោយរួមសហការជាមួយ កម្លាំងអធិការនគរបាល ក្រុងស្ទឹងត្រែងមានការដឹកនាំដោយលោក ជា សុភ័ក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងនៃខេត្តស្ទឹងត្រែងន ចុះត្រួតពិនិត្យនៅតាមទីតាំងរបស់អាជីវករដែលដាក់តាំងលក់ម៉ូតូ ទាំងមានពន្ធ និងគ្មានពន្ធ ក្នុងនោះបានរកឃើញម៉ូតូគ្មានពន្ធនៅតាមទីតាំងលក់ម៉ូតូនីមួយៗមានប្រមាណ១១កន្លែង នៅក្រុងស្ទឹងត្រែង។ ហេតុការណ៍នេះក៏ដូចជាករណីបង្ក្រាបម៉ូតូគ្មានពន្ធផងដែរ ដែលស្ថិតនៅចំណុចសួនច្បារនៃក្រុងស្ទឹងត្រែង ក្នុងភូមិសាស្រ្ត ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងម៉ូតូលក់គ្មានពន្ធខាងលើនេះ ប៉ូលីសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ធ្វើការចុះត្រួតពិនិត្យ នៅតាមទីតាំងលក់ម៉ូតូនីមួយៗ បានរកឃើញម៉ូតូគ្មានពន្ធចាប់ពី03 គ្រឿង គ្រឿង04 គ្រឿង05 និងកន្លែងទៅដល់១១គ្រឿង សរុបទាំងអស់សមត្ថកិច្ចបានត្រួតពិនិត្យរកឃើញម៉ូតូដែលគ្មានពន្ធ មានចំនួន47គ្រឿង ក្នុងចំណោម11កន្លែងក្នុងក្រុងស្ទឹងត្រែង។ សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា កម្លាំងរបស់សមត្ថកិច្ចនៅកំពុងតែចុះអនុវត្តបន្តនីតិវិធីទៅតាមទីតាំងផ្សេងៗទៀត ដែលមាននៅក្នុងខេត្តស្ទឹងត្រែង លក់ម៉ូតូគ្មានពន្ធនេះ។ រីឯម៉ូតូដែលកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានដកហូតនោះត្រូវបានធ្វើការដឹកជញ្ជូនតាមរថយន្តយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីចាត់ការបន្តតាមនីតិវិធី៕ (ដោយសហការរី tnm ស្ទឹងត្រែង )