រថយន្តកូរ៉េដឹកទឹកកកបើកបរធ្លាក់ភ្នែកបុកគូទរថយន្តដឹកទឹកកកអនាម័យបណ្តាលឲ្យបុរស់ម្នាក់គៀបជាប់នៅក្នុងកាប៊ីនរថយន្តរងរបួសធ្ងន់ ស្ថិតក្នុងភូមិរាជានុកូល ក្នុងក្រុងស្ទឹងត្រែង
ខេត្តស្ទឹងត្រែងៈ នៅវេលាម៉ោងប្រមាណជិត 7 ព្រឹក ថ្ងៃទី 4 ខែមករា ឆ្នាំ 2022នេះ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីទៀតហើយ បានបង្កការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ច ដោយរថយន្តកូរ៉េដឹកទឹកសុទ្ធ យីហោថៃហួរ បានបើកទៅបុកគូទពីក្រោយរថយន្តដឹកទឹកកកអនាម័យស្ទឹងត្រែង ដែលកំពុងឈប់ចតនៅស្ងៀម បណ្ដាលឱ្យរថយន្ដផ្លោងធ្លាក់ផ្លូវ រីឯរថយន្តដឹកទឹកកកសុទ្ធផុងកាប៊ីនរថយន្ត បានគៀបជាប់បុរស់ជាព្រូឡានម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅជិតចម្ការម៉ៃសាក់ ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តទឹកកកអនាម័យស្ទឹងត្រែង ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 3D 7908 បើកបរធ្វើដំណើរមានគ្នាពីរនាក់ចេញពីក្រុងស្ទឹងត្រែង បានមកដល់ចំណុចខាងលើ ក៏បានឈប់ចតអែបរថយន្តនៅលើចិញ្ចើមផ្លូវខាងស្ដាំដៃ ហើយក៏ចុះទៅបត់ជើងតូច ក្រោយមកក៏ឃើញរថយន្តមួយគ្រឿងទៀត ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AJ 6919 រួមដំណើរមានគ្នាចំនួន02នាក់ បើកបរចេញពីទីរួមខេត្តស្ទឹងត្រែងដូចគ្នាផងដែរ ដោយមានទិសដៅស្របគ្នា លុះមកដល់ចំណុចកើតហេតុខាងលើនោះ ប្រហែលជាតែកុងរថយន្តដឹកទឹកសុទ្ធ ដែលមាន យីហោ ថៃហួរ នោះ ប្រហែលជាស្រវាំងភ្នែកមិនបានមើលឃើញ មានរថយន្តគេឈប់ចតនៅពីមុខទេដឹង បានជាបើកទៅបុកគូទរថយន្តរបស់គេកំពុងឈប់ស្ងៀមចំពីក្រោយពេញទំហឹងតែម្តង។ ធ្វើឲ្យរថយន្តទឹកកកអនាម័យស្ទឹងត្រែងផ្លោងធ្លាក់ពីចិញ្ចើមផ្លូវចូលក្នុងព្រៃ តែមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេចំណែករថយន្តដឹកទឹកសុទ្ធ យីហោ ថៃហួរវិញ រងការខូចខាតកំពិតកាប៊ីនរថយន្តខាងមុខ បណ្ដាលឱ្យគៀបជាប់បុរសម្នាក់ជាព្រូឡាននៅក្នុងរថយន្តរងរបួសធ្ងន់ ។ ប្រភពបានបញ្ជាក់ថាក្រោយពីកើតហេតុភ្លាមៗផងដែរក៏បានឃើញសមត្ថកិច្ចចរាចរណ៍ផ្លូវគោកចុះមកកន្លែងកើតហេតុនាំគ្នាជួយសង្គ្រោះគាស់ទាញយកបុរសដែលរងគ្រោះគៀបជាប់នៅក្នុងកាប៊ីនរថយន្តនោះ ចេញពីរថយន្តផងដែរបន្ទាប់មក ក៏បានដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យខេត្ត។ចំណែកអត្តសញ្ញាណអ្នកបើកបររថយន្តទាំងពីរគ្រឿងខាលើនោះមិនបានស្គាល់ឈ្មោះទេ។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្ត នៅកំពុងធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់។ (ដោយសហការី tnm ស្ទឹងត្រែង)