សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យលុបចោលគម្រោងនានារវាងក្រុមហ៊ុន លី ឈួង ជាមួយអភិបាលខេត្ត រាជធានី ជាបន្ទាន់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសឱ្យមានការលុបចោលគម្រោងនានារវាងក្រុមហ៊ុន លី ឈួង ក៏ដូចជាក្រុមហ៊ុនផ្សេងទៀតជាមួយអភិបាលខេត្ដ រាជធានី ជាបន្ទាន់ ក្នុងការធ្វើគម្រោងសាងសង់នានា ហើយគិតថវិកាជាក្រោយដែលជាអំពើពុករលួយខ្លាំងមិនអាចទទួលយកបានឡើយ។
ថ្លែងក្នុងពិធីប្រកាសបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នៅស្រុកស្រែអំបិល ខេត្តកោះកុង សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “ខ្ញុំបានទទួលរបាយការណ៍ពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអំពីបំណុលដែលបណ្តាខេត្តជំពាក់ក្រុមហ៊ុន លី ឈួង ។ ខ្ញុំហួសចិត្ត តាមរបៀបអនុវត្តន៍ធ្វើមុនទូទាត់តាមក្រោយ។ ឥឡូវបើចៅហ្វាយខេត្តណាដែលធ្វើទៀតគឺត្រូវទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល”។
សម្តេចតេជោបានគូសបញ្ជាក់ថា ក្រុមហ៊ុន លី ឈួង ដូចជាក្រុមហ៊ុន អន្ទង់ ដែលគាត់បានធ្វើដំណើរមកសម្តេច ប៉ុន្តែសម្តេចមិនព្រមតែគាត់ទៅធ្វើការខេត្ត។ ប៉ុន្តែពេលនេះ សម្ដេចបានដាក់ចេញបទបញ្ជាហើយថាឱ្យ ដកគម្រោងទាំងឡាយណាដែលមិនអនុវត្តន៍ ទោះបីជាខេត្តមានការចុះហត្ថលេខាជាមួយក្រុមហ៊ុន លី ឈួង ក៏ដោយ ឬជាមួយក្រុមហ៊ុនដទៃទៀតក៏ដោយដកចោលទាំងអស់ ដោយបិទបញ្ជី។
សម្ដេចតេជោបានលើកឡើងថា ប្រាក់ដែលជំពាក់ក្រុមហ៊ុន លី ឈួង គឺត្រូវទូទាត់រយៈពេល២០ឆ្នាំដោយ ដាក់ឱ្យរាងចាល់តែម្តង ពីព្រោះថានេះជាបំណុលសាធារណៈ។
សម្តេចតេជោបានថ្លែងបញ្ជាក់ថា “ត្រូវដាក់ឱ្យរាងចាលតែម្តង នាំគ្នាស៊ីសស៊ូសគ្នាឱ្យធ្វើនេះធ្វើនោះ រួចហើយមកទាររាជដ្ឋាភិបាលឱ្យទូរទាត់ដោយមិនបានដេញថ្លៃ។ តើចៅហ្វាយខេត្តមានបានស្នើសុំមក រាជរដ្ឋាភិបាលទេ អាធ្វើស្ពាននេះ ផ្លូវនោះ អគារនេះ។ ខ្ញុំសុំផ្តាំទៅ ក្រុមហ៊ុន លី ឈួង ឱ្យឈប់ជាបន្ទាន់បើមិនអីចឹងទេខ្ញុំនឹងដាក់ក្រុមហ៊ុននេះក្នុងបញ្ចីខ្មៅ។ ខ្ញុំដឹងថាក្រុមហ៊ុនអ្នកឯងធ្វើល្អហើយ ធ្វើកន្លែងនេះ កន្លែងនោះ តែអ្នកឯងមិនអាចធ្វើបែបនេះបន្តទៀតទេ”។
ជាមួយគ្នានោះដែរសម្តេចតេជោក៏បានផ្តាំទៅបណ្តាក្រុមហ៊ុនសាងសង់ទាំងអស់កុំយកតម្រាប់តាមក្រុមហ៊ុន លី ឈួង ឱ្យសោះ។
សម្តេចបានអះអាងថា ខេត្តណាដែលបាន ជំពាក់ក្រុមហ៊ុន លី ឈួង ត្រូវទូរទាត់រយៈពេល២០ឆ្នាំដោយថ្នាក់ក្រោមជាតិត្រូវធ្វើការទូរទាត់ឱ្យ ពីព្រោះថវិកាដែលផ្តល់មិនត្រូវចំណាយតែកន្លែងមួយមុខនោះទេ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា “អីចឹងខ្ញុំសូមផ្តាំ និងដាក់ចេញបទបញ្ជាដាច់ណាត់គម្រោងទាំងឡាយដែលមិនទាន់អនុវត្តន៍គឺដកចេញ ហើយលុបកុងត្រាហ្នឹងចោលភ្លាម ព្រោះកុងត្រាហ្នឹងគ្មានអ្នកទទួលស្គាល់ទេ”។
សម្ដេចតេជោបានអះអាងបន្ដថា ប្រសិនបើសម្តេចរកឃើញមានការចុះកុងត្រារវាងអភិបាលខេត្ត និងក្រុមហ៊ុន លី ឈួង នឹងមានរឿងបន្តទៀត។ ចំពោះគម្រោងដែលបានអនុវត្តន៍រួចហើយ សូមទូរទាត់រយៈពេល២០ ឆ្នាំដោយយកលុយខេត្ត ដែលរាជរដ្ឋាភិបាលមិនចេញមួយសេនឱ្យនោះទេ។ នៅខេត្តណាមាន ចុះកុង ត្រាជាមួយក្រុមហ៊ុនគឺត្រូវធ្វើការដោះស្រាយ ហើយបើអតីតអភិបាលខេត្តជាអ្នកចុះ កុងត្រាឱ្យអតីតអភិបាលខេត្តដោះស្រាយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្ថែមថា ប្រសិនបើនៅតែបន្តឱ្យមានករណីបែបនេះនឹងក្លាយជាជំងឺមហារីកជាមិនខាន ពីព្រោះថា ថ្នាក់ក្រោមជាអ្នកធ្វើអ្នកនៅខាងលើជាអ្នកចេញលុយ។
សម្តេចតេជោបានថ្លែងបញ្ជាក់ទៀតថា “អ្នកទៅឃុបឃិតគ្នា ដោយមិនបានដាក់ចេញថ្លៃផងនាំគ្នាធ្វើ ដែលនេះ ជាអំពើពុករលួយដែលខ្ញុំនិយាយឱ្យត្រង់បើមិនសម្អាតអាហ្នឹងគឺមិនបានឡើយ។ អីចឹងផ្តាំទៅ អភិបាលខេត្ត រាជធានីទាំងអស់អត់ឱ្យធ្វើរបៀបហ្នឹងតទៅទៀតទេ។ រាល់ការធ្វើអ្វីបើត្រូវចំណាយថវិកាត្រូវមានការរយល់ព្រមជាមុនសិន។ ការឱ្យអំណាចទៅថ្នាក់ខេត្តហើយ ប៉ុន្តែអ្នកប្រើវាខុស”។ សម្តេចតេជោបានឱ្យដឹងដែរថា ចំពោះល្បែងធ្វើមុនសងលុយក្រោយគឺសម្តេចធ្លាប់ហើយសម្រាប់កម្ពុជាដោយទម្រាំដោះបំណុលគេរួចពិបាកណាស់។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “បញ្ជាឱ្យបញ្ឈប់នូវការឱ្យក្រុមហ៊ុនឯកជន ធ្វើមុននឹងទូរទាត់តាមក្រោយ ដែលជាអំពើរពុករលួយមួយ ហើយជាការបង្កើតបន្ទុកបំណុលសាធារណៈមួយសម្រាប់យើង ដោយសារថ្នាក់ក្រោមជាតិធ្វើបែបនេះ ហើយការដែលខេត្តមិនបានស្នើសុំដល់រាជរដ្ឋាភិបាលនោះនឹងក្លាយជាបន្ទុកបំណុលធំមួយ”៕