រថយន្តខ្នាតយក្សវេអងដឹកដំឡូងមីព្រលះគ្នាជាមួយរថយន្តកូរ៉េដឹកទឹកកកបណ្ដាលឱ្យស្លាប់មនុស្ស02នាក់ និងរងរបួសធ្ងន់ស្រាលចំនួន02នាក់
ខេត្តស្ទឹងត្រែៈ នៅពីវេលាម៉ោង9 និង 19នាទី ព្រឹក ថ្ងៃទី 2 ខែមករា ឆ្នាំ 2022 មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្តខ្នាតយក្សវេអងដឹកដំឡូងសាកកម្លាំងគ្នាជាមួយរថយន្តកូរ៉េដឹកទឹកកកបុកចំពីមុខពេញទំហឹងបណ្ដាលឱ្យផុងក្បាលររថយន្តដឹកទឹកកក ដោយគៀបជាប់មនុស្សចំនួន 3 នាក់នៅក្នុងរថយន្ត បណ្តាលឲ្យមនុស្ស02នាក់បានស្លាប់បាត់បង់ជីវិត និងរងរបួសធ្ងន់01នាក់ និង រងរបួសស្រាល01នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ 9 នៅចំណុចទួលឈូក ស្ថិតនៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថារថយន្ត02គ្រឿង ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ទី1 រថយន្តកូរ៉េម៉ាក់ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D 3597 បើកបរក្នុងទិសដៅពីកើតទៅលិច បានបុកជាមួយនឹងរថយន្តវេអងប្រភេទសណ្ដោងរុឺម៉ក មានពណ៌ខៀវ ពាក់ស្លាកលេខ ព្រៃវែង 3A 0726 បើកបរក្នុងទិសដៅពីលិចទៅកើត ។ សមត្ថកិច្ចបានឲ្យដឹងទៀតថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះបើកបរបញ្រ្ចាសទិសដៅគ្នាបុកគ្នាចំពីមុខពេញទំហឹងបណ្ដាលឱ្យមនុស្សនៅក្នុងរថយន្តដឹកទឹកកក មានឃ្នីគ្នាចំនួន03នាក់ បានស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតបានស្លាប់ខណៈពេលដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ។ សមត្ថកិច្ចបានបញ្ជាក់ថាចំពោះជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនោះ ទី1ឈ្មោះហុល ឡុងគា ភេទប្រុសអាយុ 24 ឆ្នាំរស់នៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង(ស្លាប់នៅហ្នឹងកន្លែងកើតហេតុ)។ ទី 2 ឈ្មោះ ភាជ ឌីណា ភេទប្រុស អាយុ 24 ឆ្នាំ រស់នៅភូមិត្នោតថ្មីឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង(ស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យ)។ នឹងទី3 ឈ្មោះ ភាជ ចាន់រ៉ាភេទប្រុស អាយុ 28 ឆ្នាំ រស់នៅភូមិត្នោតថ្មីឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងរងរបួសធ្ងន់(រួមដំណើរជាមួយគ្នា)។ចំណែកអ្នកបើកបររថយន្តដឹកដំឡូងមីសណ្ដោងរុឺម៉កវេអងមានឈ្មោះ រ៉ុន រឿន ភេទប្រុស អាយុ 42 ឆ្នាំ រស់នៅភូមិប៉ាលហាល ឃុំប៉ាលហាលស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ រងរបួសស្រាល។ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនមកសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ បច្ចុប្បន្នរថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំសំអាង រងចាំការដោះស្រាយគ្នាតាមនីតិវិធីច្បាប់នៅពេលក្រោយ រីឯសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ សូមបញ្ជាក់ផងដែរថា កត្តាដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺបណ្ដាលមកពីអ្នកបើកបរវ៉ាជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ទើបបណ្ដាលឱ្យជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះ ៕ (ដោយសហការី ធី អិន អឹម ស្ទឹងត្រែង)