ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជួបសំណេះសំណាលជាមួយមន្រ្ដីរាជការ នៃសាលាខេត្តកំពង់ចាម ក្នុងឱកាសចូលឆ្នាំសកល២០២២

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាម មានរៀបចំពិធីជួបជុំសំណេះសំណាល ជាមួយមន្រ្ដីរាជការសាលាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។

នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្តែងនូវក្តី រីករាយដោយបានជួបសាកសួរសុខទុក្ខដល់មន្ត្រីរាជការក្នុងសាលាខេត្ត បន្ទាប់ពីបានខកខាន ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ និងបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការខិតខំយកចិត្តទុកដាក់របស់មន្រ្ដីរាជការនៃសាលាខេត្តទាំងអស់ បានរួមសាមគ្គីក្នុងការ បំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អ ក្នុងបរិបទជំងឺកូវីដ១៩ ពេញ មួយឆ្នាំ២០២១នេះ ទទួលបានផលជោគជ័យគ្រប់ផ្នែក គ្រប់ជំនាញទាំងអស់ និងពិសេសគឺ បានចូលរួមទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ។

ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ការជោគជ័យក្នុងឆ្នាំ២០២១ គឺជាមូលដ្ឋាន គ្រឹះក្នុងការអនុវត្តក្នុងឆ្នាំ២០២២ ដែលជាឆ្នាំយើងមានកិច្ចការជាច្រើន ដូចជាធ្វើម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន ពិសេសគឺការបោះឆ្នោតថ្នាក់មូលដ្ឋាន ឃុំ សង្កាត់ ដូចនេះយើងត្រូវ រួមគ្នាបំពេញការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសការបម្រើសេវាសាធារណៈ និងការងារ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងត្រៀមខ្លួនជាម្ចាស់សន្លឹកឆ្នោតក្នុងការបោះឆ្នោត គាំទ្រគណបក្យប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាននោះ។

ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ក៏ជូនពរដល់មន្ត្រីរាជការទាំងអស់ជួបតែ សេចក្តីសុខ ក្នុងឆ្នាំថ្នី២០២២ខាងមុខ និងរួមគ្នាចូលរួមទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដោយរៀនរស់នៅតាមគន្លងរបត់ថ្មីជាមួយជជំងឺកូវីដ១៩ ដោយប្រកាន់ភ្ជាប់នូវវិធានការ បីកុំ បីការពារ ទើបយើងថែទាំសុខភាពបានល្អ ដោយផ្តើមចេញពីយើងម្នាក់ៗក្នុងការចូលរួម ដើម្បីអាយុជីវិតផ្ទាល់ខ្លួន ក្រុមគ្រួសារ សហគមន៍ និងប្រទេសជាតិទាំងមូលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង