សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍

ខេតស្ទឹងត្រែង÷ សាខាកាកបាទក្រហមកម្ពុជាស្ទឹងត្រែង បានប្រារព្ឋធ្វើទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ក្រោមប្រធានបទ “បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺរាតត្បាតជាសកល” អញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង លោក ឈាង ឡាក់ អនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខាខេត្ត គណៈកម្មាធិការអនុសាខាស្រុក អ្នកស្ម័គ្រចិត្ត ប្អូនៗយុវជនកាកបាទក្រហមកម្ពុជា រួមនិង ប្រជាពលរដ្ឋដែលជាជនរងគ្រោះដោយសារជំងឺអេដស៍ មកពីក្រុងនិងស្រុកចំនួន ០៦ នៃខេត្តស្ទឹងត្រែង កម្មវិធីនេះបានប្រារព្ធឡើងនៅបរិវេណស្នាក់ការសាខាកាកបាទក្រហមកម្ពុជាស្ទឹងត្រែង ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង ថ្ងៃទី29 ខែធ្នូ ឆ្នាំ 2021។ សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនដល់ឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានអានដោយ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាខេត្ត រួចមក ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់បន្តថាៈកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗទូទាំងព្រះរាជាណាចក្រកម្ពុជា ជាមួយគ្នានេះដែរ សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ជារៀងរាល់ឆ្នាំបានអនុវត្ត ឆ្លើយតប ទៅនឹងសកម្មភាពកិត្តិនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមានការយកចិត្តទុកដាក់ខ្ពស់ សម្រួលដល់ការលំបាករបស់បងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ នៅតាមមូលដ្ឋានក្នុងខេត្ត ។ ឯកឧត្តម បានផ្តល់ការណែនាំដល់មន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តការយកចិត្តទុកដាក់ជាប្រចាំទៅលើការអប់រំ ការផ្សព្វផ្សាយ អំពីបញ្ហាអេដស៍ និងជំងឺកូវីដ-១៩ ដល់សហគមន៍ ជួយឧបត្ថម្ភគាំពារ ដល់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ ព្រមទាំងសហការគ្នាលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបានប្រព្រឹត្ត ឬសង្ស័យថា ខ្លួនបានប្រឈម នឹងការឆ្លងមេរោគអេដស៍ តាមរយៈការសេវាផ្តល់ប្រឹក្សា ជំរុញធ្វើតេស្តឈាមដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់ រួមគ្នាចុះអប់រំតាមមូលដ្ឋានដើម្បីបញ្ឈប់ ជាដាច់ខាតនូវ គ្រប់ទម្រង់រើសអើង ឬមាក់ងាយទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ព្រោះជាអំពើផ្ទុយទៅនឹងច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា និងជាទង្វើអមនុស្សធម៌ផងដែរ។ សូមបញ្ជាក់ដែលថា ក្នុងពិធីនោះដែរ ក៏មានការចែកអំណោយរួមនិងថវិកាទៅដល់បងប្អូនប្រជាពលរដ្ឋដែលជាជនរងគ្រោះដោយសារជំងឺអេដស៍និងពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣៥ គ្រួសារ ដោយក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម មី ១កេស ត្រីខ១យួរ ឃីត១កញ្ចប់ មាន(មុង ភួយ សារុង ក្រមា) ទឹកគោ ៤កំប៉ុង ស្ករ ១គីឡូក្រោម សាប៊ូ ៤ដុំ និងថវិកាចំនួន៥មុឺនរៀល៕ (ដោយសហការី tnm ស្ទឹងត្រែង)

អត្ថបទដែលជាប់ទាក់ទង