តុលាការខេត្តកណ្តាល ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក ស្រេង សុខា ដាក់ពន្ធនាគារ ០១ឆ្នាំ ០៦ខែ ពីបទ៖«ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត»
កណ្តាល៖ លោក ស្រេង សុខា ត្រូវបានសាលាដំបូងខេត្តកណ្តាល ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនដាក់ពន្ធនាគាររយៈពេល ០១ឆ្នាំ ០៦ខែ ពីបទ៖ «ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» ។
នេះបើយោងតាមដីការបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល ដែលអង្គភាព GNtimes ទទួលបាន នៅព្រឹកថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២១ នេះ ។
នៅក្នុងដីកាបង្គាប់ឱ្យចាប់ខ្លួនខាងលើបានបញ្ជាក់ថា៖ ជនជាប់ចោទឈ្មោះ ស្រេង សុខា ហៅ ទ្រី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ នគរបាល កម្រិតវប្បធម៌ បរិញ្ញាបត្រជាន់ខ្ពស់ ទីកន្លែងកំណើតនៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល និងទីលំនៅបច្ចុប្បន្ននៅភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល ឪពុកឈ្មោះ ស្រេង ស្រី (ស) ម្តាយឈ្មោះ ឆាយ ស៊ាមលី (រ) ប្រពន្ធឈ្មោះ សាផន សុម៉ូរីសង្វា (រ) មានកូន ០២នាក់ ទោសពីមុនគ្មាន ។
ជនជាប់ចោទឈ្មោះ ស្រេង សុខា ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល ០១ឆ្នាំ ០៦ខែ ពីបទប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ប្រព្រឹត្តនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២០ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និង ផ្តន្ទាទោសស្របតាមបញ្ញត្តិមាត្រា ២៥៣ នៃច្បាប់ភូមិបាល ៕