សារនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងសញ្ញាប័ត្របណ្ឌិតសភាយោធាអាមេរិករបស់សម្តេច

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារនយោបាយទៅអ្នកនយោបាយម្នាក់ ដោយមានប្រសាសន៍ជាសំណេរថា៖ ស្តាប់ក្មេងប្រដៅចាស់ពាល ។ ល្អម្យ៉ាងដែរ ប្រៀបដូចជាយកកូនក្របីជល់ជាមួយក្របីចាស់ ។ បើខឹងកុំលេង បើលេងកុំខឹង Sic! ផ្ញើរសារជូនអ្នកនយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពហានក្លាក្នុងការទទួលខុសត្រូវ ។

image
កាលពីថ្ងៃទី ២៨ កញ្ញា ២០១៩ នៅទីក្រុងឡុងប៊ិច លោក សម រង្ស៊ី ធ្លាប់បាននិយាយមើលងាយថា សញ្ញាប័ត្ររបស់ខ្ញុំពីសាលាបណ្ឌិតសភាយោធាអាមេរិក (United States Military Academy ឬហៅកាត់ថា West Point) ជាសញ្ញាបត្រកម្រិត២ ដែលផ្ដល់ឱ្យជាកិត្តិយសម្រាប់និស្សិតនាយទាហានបរទេសដែលរៀនក្រោមស្តង់ដា ។ ដើម្បីការពារនូវកិត្តិយស និងសេចក្តីថ្លៃថ្នូរបស់ខ្ញុំ ក៏ដូចជារបស់និស្សិតនាយទាហានខ្មែរជាច្រើនរូបដែលកំពុងសិក្សា និងដែលបានបញ្ចប់ការសិក្សានៅសាលា West Point និងសាលាបណ្ឌិតសភាផ្សេងទៀតរបស់សហរដ្ឋអាមេរិក និងនៅតាមប្រទេសនានាលើសកលលោក ខ្ញុំបានទាមទាឱ្យលោក សម រង្ស៊ី ធ្វើការបង្ហាញនូវភស្តុតាង ដើម្បីការពារនូវពាក្យសម្តីក្នុងចេតនាមាក់ងាយរបស់គាត់ តាមរយៈការភ្នាល់គ្នា ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានបង្ហោះនៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចនៅមុននេះបន្តិច ។

សម្តេចតេជោបានមានប្រសាសន៍បន្ថែមទៀតថា៖ «ជាការឆ្លើយតប នៅពេលនោះលោក សម រង្ស៊ី មិនត្រឹមតែមិនហ៊ានធ្វើការភ្នាល់នោះទេ ប៉ុន្តែបែរជាបង្វែរប្រធានបទ ហើយព្រមទាំងលើកឡើងថា “មិនចាំបាច់ទៅស្បថស្បែ ឬ ភ្នាល់គ្នាដូចកូនក្មេងទេ” Sic. ។ អ្វីដែលខ្ញុំស្មានមិនដល់ គឺអ្នកនយោបាយចាស់វស្សាម្នាក់នេះ មិនត្រឹមតែខ្វះភាពក្លាហាន ដើម្បីការពារអំណះអំណាងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែបែរជាគាត់នៅតែបន្តវាយប្រហាខ្ញុំរឿងសញ្ញាប័ត្រ “ប្រភេទ២” ឬ “សញ្ញាប័ត្រយោគយល់” ដដែលៗ ហើយព្រមទាំងវាយប្រហារ មាក់ងាយ ទៅលើនិស្សិតខ្មែរជាច្រើននាក់ទៀត ដែលរៀននៅក្រៅប្រទេស ដោយថាសាកលវិទ្យាល័យបរទេសផ្ដល់សញ្ញាបត្រក្លែងក្លាយ ឬសញ្ញាប័ត្រយោគយល់ ឱ្យនិស្សិតទាំងនោះ ។ ប្រហែលជាបងប្អូននិស្សិតខ្មែរដែលធ្លាប់បានសិក្សា ឬកំពុងសិក្សានៅក្រៅប្រទេសទាំងអស់យល់ច្បាស់ហើយថា តើបងប្អូនត្រូវខិតខំប្រឹងប្រែងយ៉ាងណាខ្លះ ទម្រាំបានទទួលសញ្ញាបត្របញ្ចប់ការសិក្សាពីបណ្តាសាលានៅក្រៅប្រទេស »។

សម្តេចបានបញ្ជាក់ថា៖ «ជាថ្មីម្ដងទៀត ដើម្បីជាការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំក្នុងនាមជានិស្សិតម្នាក់ដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស (និងដើម្បីជាតំណាងឱ្យនិស្សិតខ្មែរទាំងអស់ដែលរៀននៅក្រៅប្រទេសដែលត្រូវលោកសម រង្ស៊ី មើលងាយ) ខ្ញុំសូមបបួលលោក សម រង្ស៊ី ធ្វើការភ្នាល់គ្នាម្ដងទៀត ហើយសង្ឃឹមថាលោក សម រង្ស៊ី នឹងមិនប្រើយុទ្ធសាស្ត្រមាន់ត្រចៀកស ម្ដងទៀតទេ (មាន់ត្រចៀកស គឺវាយគេពីក្រោយខ្នង ដល់គេបកមកវាយតបវិញ រត់គេចបាត់ ។ ដល់ពេលគេដើរចេញ គឺវាចាប់ផ្តើមដេញវាយគេពីក្រោយខ្នងទៀត» ។

សម្តេចតេជោបានសរសេរលក្ខណ្ឌនៃការភ្នាល់ថា៖ «ខ្ញុំបានរៀននៅបណ្ឌិតសភាយោធាអាមេរិក (West Point) ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យញូវយ៉ក (New York University) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងនៅសាកលវិទ្យាល័យប្រ៊ីសស្តុល (Bristol University) នៅចក្រភពអង់គ្លេស ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ច ។ បើសិនជាលោក សម រង្ស៊ី អាចឱ្យសាលាទាំងបីនេះបញ្ជាក់ថា ហ៊ុន ម៉ាណែត កាលនៅរៀនទីនោះ គឺគ្មានសមត្ថភាព ឬរៀនក្រោមស្តង់ដារបស់សាលា ហើយសាលាបានផ្ដល់សញ្ញាបត្រឱ្យ ហ៊ុន ម៉ាណែត ដែលជាសញ្ញាបត្រ ប្រភេទ២ ឬសញ្ញាបត្រយោគយល់ ខ្ញុំនឹងលាលែងពីបេក្ខភាពជានាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជន ។ ផ្ទុយទៅវិញ បើលោក សម រង្ស៊ី មិនអាចឲ្យសាលាបញ្ជាក់ជាផ្លូវការថា សញ្ញាប័ត្រដែលសាលាទាំងនោះផ្តល់ឱ្យ ហ៊ុន ម៉ាណែត ជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ទេនោះ សូមលោក សម រង្ស៊ី លាឈប់ពីឆាកនយោបាយចាប់ពីពេលនេះតទៅ» ។

សម្តេចបានបញ្ជាក់ទៀតថា៖ «ករណីលោក សម រង្ស៊ី ឯកភាព ដើម្បីឱ្យមានតម្លាភាពក្នុងការបញ្ជាក់នេះ យើងអាចរៀបចំក្រុមការងារចម្រុះមួយ ដែលរួមមានភាគីខាងលោក សម រង្ស៊ី និងភាគីខាងខ្ញុំ ដើម្បីទំនាក់ទំនងសុំការបំភ្លឺពីសាលាទាំងបីដែលខ្ញុំធ្លាប់រៀន ។ បន្ថែមលើនេះ យើងក៏អាចឱ្យក្រុមការងាររបស់វិទ្យុអាស៊ីសេរី, VOA, RFI,…។ ល ។ ទៅយកពត៌មានផ្ទាល់តែម្តង កុំឱ្យលោកបារម្ភថា រាជរដ្ឋាភិបាលកម្ពុជាដាក់សម្ពាធទៅលើសាលាទាំងបីនោះមិនឱ្យបញ្ជាក់ការពិត» ។

តើលោក សម រង្ស៊ី ហ៊ានភ្នាល់ជាមួយខ្ញុំទេ?

ខ្ញុំសង្ឃឹមថាលោក សម រង្ស៊ី នឹងមិនចេញសារដូចលើកមុន ដែលសុំមិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេង ។ ព្រោះកូនក្មេងម្នាក់នេះ លែងជឿអ្នកនយោបាយចាស់វស្សាដែលនិយាយបាតដៃខ្នងដៃ ឬប្រើយុទ្ធសាស្ត្រមាន់ត្រចៀកសទៀតហើយ ។

ខ្ញុំសង្ឃឹមថា អ្នកនយោបាយចាស់វស្សាដូចលោក សម រង្ស៊ី ប្រាកដជាមានភាពហានក្លា ក្នុងការការពារនូវអំណះអំណាងរបស់ខ្លួន ដែលបានលើកឡើងជាសាធារណៈម្តងហើយ ម្តងទៀត ដើម្បីវាយប្រហារក្មេងជំនាន់ក្រោយដូចជារូបខ្ញុំ ។

លោក សម រង្ស៊ី បានវាយប្រហារឪពុករបស់ខ្ញុំជាច្រើនទស្សវត្សហើយ ប៉ុន្តែទៅមុខមិនរួច ។ ឥឡូវបែរមកវាយប្រហារលើខ្ញុំដែលជាក្មេងជំនាន់ក្រោយទៅវិញ ។ បើលោកជ្រុលជាធ្វើអញ្ចឹងទៅហើយ សូមលោកបង្ហាញភាពក្លាហានផងទៅ កុំឱ្យក្មេងមើលស្រាលថា មនុស្សចាស់វស្សាតែគ្មានភាពហានក្លាក្នុងការទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបាននិយាយ ឬធ្វើ ។ ណាមួយ លោកមានអាយុច្រើនជាងឪពុកខ្ញុំផង គួរកុំឱ្យខូចឈ្មោះ នៅចំពោះមុខក្មេងជំនាន់ក្រោយ ។ ជាសីលធម៌ និងគុណធម៌ក្នុងការរស់នៅ ខ្ញុំតែងតែគោរពមនុស្សចាស់ទុំ ។ ប៉ុន្តែបើមនុស្សដែលមានវ័យចំណាស់ អាងតែមានអាយុច្រើនហើយ ធ្វើការងារគ្មានការទទួលខុសត្រូវ ជាពិសេសធ្វើការវាយប្រហារដោយគ្មានមូលដ្ឋានមកលើរូបខ្ញុំ នោះខ្ញុំគ្មានជម្រើសអ្វីក្រៅពីការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំទេ ។ សូមកុំចោទថាខ្ញុំមិនស្គាល់ចាស់ទុំ ៕

អត្ថបទដែលជាប់ទាក់ទង