ប្រមុខរាជរដ្ឋាភិបាល អញ្ជើញបើកការប្រកួតវាយកូនគោល ពានរង្វាន់សម្តេច តេជោនាយករដ្ឋមន្រ្តីលើកទី៥ ឆ្នាំ២០២១

ការប្រកួតវាយកូនគោល«ពានរង្វាន់សម្តេច តេជោនាយករដ្ឋមន្រ្តីលើកទី៥» ឆ្នាំ២០២១ ដែលរៀបចំឡើងរវាងក្រសួងទេសចរណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានបើកធ្វើឡើងនាព្រឹក ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ២០២១នៅទីលានវាយកូនគោលវឌ្ឍនៈ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានកីឡាករ កីឡា ការិនីជាតិ អន្តរជាតិ និងបណ្ដអង្គទូតប្រចាំនៅកម្ពុជាជាច្រើនរូបចូលរួមប្រកួត ដើម្បីអបអរសាទរខួបវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ និងខួបលើកទី២៣ឆ្នាំ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១)នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយកូនគោលកម្ពុជាគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ប្រកួត កីឡាវាយកូនគោលពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ត្រីលើកទី៥ នាថ្ងៃនេះដើម្បីចូលរួមអបអរសាទរទិវានយោបាយឈ្នះឈ្នះ ខួបទី២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិល កម្ពុជា (២៩ ធ្នូ ឆ្នាំ ១៩៩៨-២៩ ធ្នូ ឆ្នាំ ២០២១) ស្របនឹងសភាពការណ៍នៅកម្ពុជាមានសន្តិភាព សន្តិសុខ និង សណ្ដាប់ធ្នាប់សង្គម ពិសេសការទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩ មានលក្ខណៈល្អប្រសើរតាមរយៈការដាក់ចេញយុទ្ធសាស្ត្រ និងវិធានការនានាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងបានសម្រេចបើកប្រទេសឡើងវិញដើម្បីស្ដារសេដ្ឋកិច្ចជាតិតាមរយៈការរស់នៅតាមគន្លងប្រក្រតីភាពថ្មី។សម្ដេចពិជ័យសេនា ទៀ បាញ់ បានបន្តថា តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យកីឡារាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ធ្វើការវិនិយោគកាន់តែច្រើនទៅៗទាំងហេ ដ្ឋារចនាសម្ព័ន្ធទន់ រឹង ការហ្វឹកហ្វឺន ការបណ្ដុះបណ្ដាលធនធានមនុស្សទាំងក្នុងនិងក្រៅប្រទេស ការជួយគាំទ្រឧបត្ថម្ភគ្រប់ពេលវេលា គ្រប់ទីកន្លែងនិងលើកទឹកចិត្តដល់កីឡាករកីឡាការិនី ដែលដណ្ដើមបានពានរង្វាន់ មេដាយមាស ប្រាក់ សំរឹទ្ធិ នៅក្នុងថ្នាក់តំបន់និងថ្នាក់អន្តរជាតិទៀតផង។ ជាក់ស្ដែងកាលពីថ្ងៃទី ១៨ធ្នូ ឆ្នាំ ២០២១ រាជរដ្ឋាភិបាលបានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា សម្រាប់ឈានឆ្ពោះទៅកាន់ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនិងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ នឹងទុកជាមត៌ក មនុស្សជាតិនិងយុវជនគ្រប់ជំនាន់ព្រមទាំងក្លាយជាប្រទេសមានសក្ដានុពលកីឡា ទេសចរណ៍ វប្បធម៌ នយោ បាយនិងសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក«កីឡារស់ក្នុងសន្តិ ភាព»។

សម្ដេចពិជ័យសេនាក៏បានចាត់ទុកថាព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលថ្ងៃនេះ ក៏ដើម្បីបង្កើនសមត្ថភាពកីឡាវាយកូនគោលកម្ពុជាឱ្យមានសមត្ថភាព និងគុណផលកីឡាកម្រិតខ្ពស់ រឹងមាំ សម្រាប់ឆ្ពោះទៅដណ្ដើមជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំ ២០២៣ ខាងមុខនេះផងដែរ៕ដោយ ៖ ជឹម ណារី សម្រួលផ្សាយដោយ៖ ធូ កុសល

អត្ថបទដែលជាប់ទាក់ទង