ប្រមុខការពារជាតិកូរ៉េខាងត្បូង និងសិង្ហបុរី ពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការសន្តិសុខ
ការិយាល័យរបស់រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងបាននិយាយថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Suh Wook បានជួបជាមួយសមភាគីសិង្ហបុរីកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់ រួមទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
កិច្ចពិភាក្សារវាងលោក Suh និងរដ្ឋមន្ត្រីការពារជាតិសិង្ហបុរី លោក Ng Eng Hen បានធ្វើឡើងនៅថ្ងៃទីពីរនៃដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោកទៅកាន់ប្រទេសសិង្ហបុរី ដែលជាដៃគូដ៏សំខាន់សម្រាប់គោលនយោបាយភាគខាងត្បូងថ្មីរបស់ទីក្រុងសេអ៊ូល ក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយអាស៊ាន។
លោក Suh បានធ្វើដំណើរទស្សនកិច្ចទៅក្រៅប្រទេស ដែលលោកបានទៅកោះ Guam និងប្រទេសថៃផងដែរ។
យោងតាមក្រសួងការពារជាតិបានឱ្យដឹងថា លោក Suh បានប្រើប្រាស់កិច្ចពិភាក្សានេះ ដើម្បីរំលឹកឡើងវិញនូវបំណងប្រាថ្នារបស់កូរ៉េខាងត្បូងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិជាមួយប្លុកនៃតំបន់ដែលមានសមាជិកទាំង ១០ប្រទេសនេះ។
លោកបានគូសបញ្ជាក់អំពីផែនការសកម្មភាពរបស់ទីក្រុងសេអ៊ូលនាពេលថ្មីៗនេះ ដែលត្រូវបានរចនាឡើងដើម្បីបន្តកិច្ចសហប្រតិបត្តិការការពារជាតិដោយមានភាព «ចុះសម្រុងគ្នា» រវាងគោលនយោបាយភាគខាងត្បូងថ្មី និងទស្សនវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលជាចក្ខុវិស័យទូលំទូលាយរបស់ប្លុកនេះសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់។
ក្រសួងនេះបាននិយាយថា រដ្ឋមន្ត្រីការពារជាតិសិង្ហបុរីបានសម្តែងក្តីសង្ឃឹមសម្រាប់កិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូងក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ចំពេលដែលមានការគំរាមកំហែងកាន់តែខ្លាំងឡើងនៅក្នុងបណ្តាប្រទេសនៅអាស៊ាន។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានោះ លោក Suh ក៏បានរៀបរាប់សង្ខេបអំពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងសេអ៊ូល ក្នុងការជំរុញសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េផងដែរ។
លោក Ng បាននិយាយថា ប្រទេសសិង្ហបុរីនឹងមិនព្រងើយកន្តើយទេចំពោះខិតខំប្រឹងប្រែងដើម្បីកែលម្អទំនាក់ទំនងអន្តរកូរ៉េ និងលើកកម្ពស់សន្តិភាពយូរអង្វែងនោះ ព្រោះថាប្រទេសនេះបានផ្តល់កន្លែងសម្រាប់កិច្ចប្រជុំកំពូលជាលើកដំបូងដែលមិនធ្លាប់មានរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាងកាលពីក្នុងឆ្នាំ២០១៨។
រដ្ឋមន្ត្រីការពារកូរ៉េខាងត្បូងនឹងវិលត្រឡប់ទៅកាន់ប្រទេសរបស់លោកវិញនៅថ្ងៃសុក្រនេះ៕ (ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល