ការប្រកួតប្រដាល់សកលជើងឯកថ្នាក់ជាតិ ២០២១ថ្ងៃទី១ មាន២៤គូ ដោយលក្ខណៈបច្ចេក ទេស មានភាពល្អប្រសើរ

ការប្រកួតកីឡាប្រដាល់សកល ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១បានចាប់ផ្តើមថ្ងៃទី១ កាលពីល្ងាចថ្ងៃ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស ដោយមាន២៤គូ។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បញ្ជាក់ថា ឆ្លងកាត់ការប្រកួតថ្ងៃទី១ លោកសង្កេតឃើញថា គុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនី មានភាពល្អប្រសើរច្រើន ហើយមិនសូវមានកីឡារចាញ់ដោយសន្លប់នោះទេ ពោលគឺមានភាពប្រហាក់ប្រហែលគ្នាច្រើន ខណៈផ្នែករៀបចំបច្ចេកទេសរបស់មន្ត្រីសហព័ន្ធ ក៏ដំណើរការដោយរលូនផងដែរ។

លោកបន្ថែមថា សម្រាប់ការប្រកួតថ្ងៃទី២ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ មាន២៨គូទៀត និងបន្តការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ដោយមាន១០ប្រភេទ ទម្ងន់។ ជាមួយគ្នានេះដែរ នៅក្នុងការប្រកួតកីឡាប្រដាល់សកលជើងឯកថ្នាក់ជាតិឆ្នាំនេះ មានលក្ខណៈល្អប្រសើរច្រើន ដោយសហព័ន្ធបានកៀរគរសប្បុរសជនគាំទ្រដល់ព្រឹត្តិការណ៍នេះមានច្រើនផងដែរ នឹងប្រើប្រាស់ថវិកាឧបត្ថម្ភទាំងនោះ ធ្វើជាប្រាក់រង្វាន់លើកទឹកចិត្តបន្ថែម ជូនដល់កីឡាករ កីឡាការិនី និងបន្ថែមការលើកទឹកចិត្តដល់មន្ត្រីរៀបចំការប្រកួត ក្រៅអំពីប្រាក់រង្វាន់ ក៏ដូចជាថវិការៀបចំការប្រកួត ដែលផ្តល់ការគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវ ជន និងកីឡា។

សូមបញ្ជាក់ថា ឆ្នាំនេះមានកីឡាករ កីឡាការិនីប្រដាល់សកលចូលរួមសរុបចំនួន ១០៤នាក់ ក្នុងនោះមានកីឡាការិនី ៤នាក់ មកពី២១ក្លិប-សមាគម ដែលប្រកួតពីថ្ងៃទី២៣-២៦ ខែធ្នូ ឆ្នាំ២០២១ នៅនាយកដ្ឋានអង្គរក្ស រាជធានីភ្នំពេញ។ ចំនួននេះបានកើនឡើងច្រើនជាង៣ដង បើប្រៀបធៀបព្រឹត្តិការណ៍ដូចគ្នាកាលពីឆ្នាំមុន ដោយសារបញ្ហាការរីករាលដាលខ្លាំងនៃជំងឺកូ វីដ-១៩៕ដោយហេង ណាលីន សម្រួលផ្សាយដោយ៖ ធូ កុសល

អត្ថបទដែលជាប់ទាក់ទង