លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតឱ្យលោកជំទាវ ដេវីយ៉ានី ខូប្រាហ្គាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ចូលជួបសម្តែង ការគួរសម នៅទីស្តីការក្រសួង នាព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។

ក្នុងឱកាសនោះ លោកជំទាវឯកអគ្គរដ្ឋទូត បានលើកឡើងអំពីចំណងមិត្តភាពរវាង ប្រទេសទាំងពីលើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ដែលប្រទេសឥណ្ឌាបានជួយកម្ពុជា តាមរយៈវិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល កសិកម្ម និងវិស័យសាសនាជាដើម។ លោកជំទាវ ក៏បានកោតសរសើរអំពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្រោមការ ដឹកនាំប្រកបដោយគិតបណ្ឌិតរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

លោកជំទាវបានបន្តទៀតថា ឆ្នាំ២០២២ នេះគឺជាខួបលើកទី៧០ នៃទំនាក់ទំនង ទ្វេភាគី ហើយក៏ឆ្នាំពិសេសមួយ ដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះអាស៊ាន។ លោកជំទាវ ក៏បានស្នើឱ្យលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងគណៈប្រតិភូ ទៅបំពេញ ទស្សនកិច្ចជាផ្លូវការនៅប្រទេសឥណ្ឌានៅពេលវេលាណាមួយ ដោយសារតែនៅឆ្នាំ២០២២ នេះមានកម្មវិធីជាច្រើនដែលពាក់ព័ន្ធនឹងវិស័យសាសនាផងដែរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានអបអរសាទរ និងស្វាគមន៍ចំពោះលោកជំទាវ ឯកអគ្គរដ្ឋទូតថ្មី ក្នុងការបំពេញបេសកកម្មការទូតជាផ្លូវការនៅកម្ពុជា និងជូនពរឱ្យលោក ជំទាវទទួលបានជោគជ័យបន្ថែមទៀត ក្នុងការពង្រឹងនូវចំណងសាមគ្គីភាពរវាងកម្ពុជា-ឥណ្ឌាឱ្យកាន់តែមានភាពជិតស្និទ្ធ និងមានភាពរីកចម្រើនបន្ថែមទៀត។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានគាំទ្រនូវគំនិតផ្តួចផ្តើមរបស់លោកជំទាវ ឯកអគ្គរដ្ឋទូត និងបានស្នើឱ្យភាគីឥណ្ឌាជួយបណ្តុះបណ្តាលជំនាញ អធិការកិច្ចដល់មន្ត្រី នៃវិទ្យាស្ថានជាតិអធិការកិច្ចរបស់កម្ពុជា និងការបំពេញទស្សនកិច្ចខ្លីៗដែលពាក់ព័ន្ធនឹង ជំនាញផងដែរ។

ចំណែកសំណើបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឥណ្ឌា លោកជំទាវកិត្តិសង្គ ហបណ្ឌិត នឹងជូនដំណឹងទៅលោកជំទាវឯកអគ្គរដ្ឋទូត នូវពេលវេលាដ៏សមស្របណាមួយ នៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង